ទីភ្នាក់ងារ IEA: ទីផ្សារឧស្ម័នពិភពលោកនឹងនៅតែជួបវិបត្តិតានតឹងរហូតដល់ឆ្នាំ២០២៣

សុខុម

អន្តរជាតិ: ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លើកឡើងថា ទីផ្សារឧស្ម័នធម្មជាតិពិភពលោកនឹងនៅតែជួបវិបត្តិតានតឹងហៀរចូលដល់ឆ្នាំ២០២៣ ដោយសារប្រទេសរុស្ស៊ី រឹតត្បិតការផ្គត់ផ្គង់ ហើយអឺរ៉ុប កាត់បន្ថយការប្រើប្រាស់ ចំពេលតម្លៃឧស្ម័នហក់ឡើងខ្ពស់ និងវិធានការនានាដើម្បីសន្សំសំចៃថាមពល។

ទីភ្នាក់ងារនេះបានចេញរបាយការណ៍ទីផ្សារឧស្ម័នប្រចាំត្រីមាសរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា តាមការរំពឹងទុក ការប្រើប្រាស់ឧស្ម័នទូទាំងពិភពលោកនឹងធ្លាក់ចុះ០,៨%ក្នុងឆ្នាំ២០២២ ដោយសារការដាំក្បាលចុះខ្លាំងមិនធ្លាប់មានដល់ទៅ១០%នៅអឺរ៉ុប និងតម្រូវការនៅទ្រឹងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយនឹងកើនឡើងត្រឹមតែ០,៤%ប៉ុណ្ណោះនៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣ ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និយាយថា ទស្សនវិស័យទីផ្សារគឺស្ថិតនៅក្រោម “ភាពមិនប្រាកដប្រជាកម្រិតខ្ពស់” ដោយសារតែសកម្មភាពនាពេលអនាគតរបស់រុស្ស៊ី និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់។

លោក Keisuke Sadamori នាយកទីផ្សារថាមពលនៃទីភ្នាក់ងារ IEA ថ្លែងថា “ការឈ្លានពានពីសំណាក់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន និងការកាត់បន្ថយយ៉ាងខ្លាំងនូវការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុប កំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ អាជីវកម្មនានា និងសេដ្ឋកិច្ចទាំងមូល ដែលមិនមែនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុប ប៉ុណ្ណោះទេ គឺនៅក្នុងបណ្ដាសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ផងដែរ”។

 

លោកបានបន្ថែមថា “ទស្សនវិស័យសម្រាប់ទីផ្សារឧស្ម័ននៅតែអាប់អួ ដោយសារតែទង្វើដែលមិនអាចទាយដឹងមុនរបស់រុស្ស៊ី ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏គួរឱ្យជឿទុកចិត្ត។ ហើយសញ្ញាទាំងអស់នេះបង្ហាញថា ទីផ្សារនៅតែមានភាពតឹងតែងខ្លាំងដល់ឆ្នាំ២០២៣”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here