អតិផរណា​នៅប្រទេសឥណ្ឌូណេស៊ី​ហក់ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​ ក្នុងរយៈពេលជិតមួយទសវត្សចុងក្រោយ

ដោយ: លាងហួរ

ហ្សាកាតា: ទិន្នន័យការិយាល័យស្ថិតិ បានបង្ហាញនៅថ្ងៃច័ន្ទនេះថា អត្រាអតិផរណារបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងខែកញ្ញា បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែតុលាឆ្នាំ២០១៥ ដោយសារតម្លៃដឹកជញ្ជូនកាន់តែខ្ពស់ បន្ទាប់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។

អត្រាអតិផរណាប្រចាំឆ្នាំបានកើនឡើងដល់៥,៩៥ភាគរយ នៅក្នុងខែកញ្ញា កើនឡើងពី៤,៦៩ភាគរយ នៅក្នុងខែសីហា ប៉ុន្តែបានមកទាបជាងអត្រា ៦ភាគរយ ដែលរំពឹងទុក នៅក្នុងការស្ទង់មតិរបស់ Reuters។

អត្រាអតិផរណាស្នូលប្រចាំឆ្នាំ ដែលមិនរាប់បញ្ចូលតម្លៃ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងតម្លៃម្ហូបអាហារ ដែលប្រែប្រួលបានកើនឡើង ក្នុងខែកញ្ញាដល់ ៣,២១ភាគរយធៀបនឹង៣,០៤ភាគរយនៅក្នុងខែសីហា និងការព្យាករណ៍៣,៦ភាគរយដោយអ្នកវិភាគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Margo Yuwono ប្រធានផ្នែកស្ថិតិឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មានថា អតិផរណាក្នុងខែកញ្ញាភាគច្រើន ត្រូវបានរងផលប៉ះពាល់ ដោយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអតិផរណានៅក្នុងវិស័យដឹកជញ្ជូន។

លោកបានព្រមានថា អតិផរណាអាចហក់ឡើងបន្ថែមទៀតនៅក្នុងខែតុលា ដោយសារតំបន់មួយចំនួនមិនទាន់បានដំឡើងថ្លៃដឹកជញ្ជូនរបស់ពួកគេ។ ប្រទេសឥណ្ឌូណេស៊ីបានដំឡើងថ្លៃប្រេងឥន្ធនៈ ដែលទទួលបានការឧបត្ថម្ភធនប្រហែល៣០ភាគរយ នៅដើមខែកញ្ញា ខណៈដែលរដ្ឋាភិបាលបានផ្លាស់ប្តូរ ដើម្បីគ្រប់គ្រងលើវិក័យប័ត្រឧបត្ថម្ភធន។

ធនាគារឥណ្ឌូនេស៊ី (BI) នៅក្នុងកិច្ចប្រជុំខែកញ្ញារបស់ខ្លួន បានដំឡើងអត្រាការប្រាក់គោលនយោបាយដោយ៥០ចំណុចមូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងអតិផរណា ដែលខ្លួនរំពឹងថា នឹងហក់ឡើងដល់កំពូលបន្តិច លើសពី៦ភាគរយ និងអតិផរណាស្នូលនៅ៤,៦ភាគរយ នៅចុងឆ្នាំបើធៀបនឹងគោលដៅរបស់វា ពី២ភាគរយទៅ៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here