ដោយ:លាងហួរ
បាងកក: គណៈកម្មាធិការនិយតកម្មថាមពល (ERC) កំពុងរៀបចំជ្រើសរើសក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីលក់ “អគ្គិសនីស្អាត” ដល់រដ្ឋាភិបាលក្រោមផែនការរបស់ខ្លួន ក្នុងការជំរុញការផ្គត់ផ្គង់ថាមពលកកើតឡើងវិញនៅក្នុងប្រទេសថៃ។
អាជ្ញាធរកំពុងធ្វើសេចក្តីព្រាង លក្ខណៈវិនិច្ឆ័យជ្រើសរើស បន្ទាប់ពីផែនការរដ្ឋ ក្នុងការទិញអគ្គិសនីពីក្រុមហ៊ុន ដែលផលិតពីប្រភពកកើតឡើងវិញ បានឆ្លងកាត់សវនាការសាធារណៈ ដែលបានធ្វើឡើងនៅដើមខែកក្កដា។
លោកKnomgrich Tantravanich អគ្គលេខាធិការនៃ ERC បាននិយាយថា ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់រដ្ឋ នឹងទិញអគ្គិសនីពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ដើម្បីអភិវឌ្ឍរោងចក្រថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតរួមគ្នា៥,២ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០២២-២០៣០។
សមត្ថភាពផលិត៥,២GWត្រូវបានព្យាករណ៍ថា នឹងបានមកពីប្រភពកកើតឡើងវិញចំនួន៤គឺ ជីវឧស្ម័ន(៣៣៥មេហ្គាវ៉ាត់) ថាមពលខ្យល់ (១៥០០មេហ្គាវ៉ាត់) កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅលើដី (២៣៦៨មេហ្គាវ៉ាត់) និងកសិដ្ឋានថាមពលព្រះអាទិត្យ ដែលមានប្រព័ន្ធផ្ទុកថាមពល (១០០០មេហ្គាវ៉ាត់) ។
លោកបានបន្តថា ERC នឹងពិចារណាលើលក្ខណៈបច្ចេកទេស នៃអាជីវកម្មថាមពល និងតម្លៃអគ្គិសនីរបស់ក្រុមហ៊ុន ដែលចូលរួមមុនពេលធ្វើការសម្រេចចិត្ត។
អាជ្ញាធររំពឹងថា នឹងទទួលបានសំណើពីក្រុមហ៊ុននានា ក្នុងអំឡុងខែវិច្ឆិកា និងធ្នូ ដោយប្រកាសបញ្ជីឈ្មោះអ្នកចូលរួម ដែលមានសមត្ថភាពទាំងអស់នៅក្នុងខែមករាឆ្នាំក្រោយ។
ក្រុមហ៊ុនទាំងនោះ នឹងត្រូវជម្រុះម្ដងទៀត ដោយលទ្ធផលនឹងត្រូវប្រកាសក្នុងអំឡុងខែឧសភាដល់ខែមិថុនា។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៃរោងចក្រថាមពលរបស់ពួកគេនៅចន្លោះឆ្នាំ២០២៤ និង២០៣០៕