មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ពីសារៈសំខាន់របស់CBC

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ  ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន​ក្រេឌីត​ប្យួរ៉ូ ខេមបូឌា​ (CBC) លោកស្រី ជា សេរីបានមានប្រសាសន៍ថា បច្ចុប្បន្ន CBC បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ទិន្នន័យ​ហិរញ្ញ​វត្ថុ​នៅ​​​កម្ពុជា​។

ស្ថាប័ននេះ បាន​រក្សាទុក​ទិន្នន័យ​ឥណទាន ​របស់​អតិថិជន​ប្រមាណ​ ៧លាន​នាក់ ​​ក្នុង​ប្រព័ន្ធ​ស្នូល​របស់​ខ្លួន ​ដើម្បី​​បម្រើ​ជូន​គ្រឹះស្ថាន​​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក ​នៅ​ក្នុង​ការ​លើក​កម្ពស់​តម្លាភាព និង​ប្រសិទ្ធភាព​ទីផ្សារ​​ឥណទាន​។

​លោក​ស្រី ជា សិរីបានមានប្រសាសន៍បែបនេះ ក្នុង​ខួប១០​ឆ្នាំ ​នៃ​ការ​បង្កើត CBC កាល​ពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំ​ ២០២២កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បាន​បន្ត​ទៀត​ថា បើ​គ្មាន​វត្តមាន​របស់CBC គ្រឹះស្ថាន​ធនា​គារ និង​ហិរញ្ញវត្ថុ​ ទាំងអស់​អាច​នឹង​ប្រឈម​ នូវ​ការ​ចំណាយ​ប្រតិបត្តិការ​ខ្ពស់ និង​កង្វះ​នូវ​ព័ត៌មាន​ ដ៏​មាន​សារៈសំខាន់​របស់​អ្នក​ខ្ចី​ប្រាក់ ​ហើយ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ នៅ​ពេល​ការ​សម្រេច​ចិត្ត​ផ្តល់​ឥណទាន។ ជា​ការពិត​​ព័ត៌មាន​ឥណទាន​ ដែល​មាន​​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​មាន​តម្លា​​ភាព ​គឺ​ជា​តម្រូវការ​ចាំបាច់​បំផុត និង​ដំបូង​គេ​បង្អស់​​សម្រាប់​គ្រប់​គ្រង​ហានិភ័យ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។

លោកស្រី​បញ្ជាក់​ថា CBC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ជួយ​គាំទ្រ​ស្ថិរភាព​ហិរញ្ញ​វត្ថុ រួមមាន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ អាច​ប្រើប្រាស់​ប្រព័ន្ធ​ចែក​រំលែក​ឥណទាន​របស់ CBC ដើម្បី​ពិនិត្យ​មើល​ហានិភ័យ​​ប្រាក់​កម្ចី និង​សម្ពាធ​ឥណទាន​ទាំង​មូល និង​អាច​ជួយ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​​ការ​ស្វែងយល់​​ពី​ហានិភ័យ​ឥណទាន ​នៅ​ពេល​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ផ្តល់​កម្ចី​ជូន​អតិថិជន​ខ្លួន និង​អាច​ចាត់​វិធានការ​ឆ្លើយតប​បាន​រហ័ស និង​មាន​ប្រសិទ្ធ​ភាព​ និង​ទាន់​ពេលវេលា​ក្នុង​​ការ​បញ្ចៀស​​ហានិភ័យ​ផ្សេងៗ​។

លោកស្រី​ថ្លែង​ថា “​វត្តមាន​​ប្រព័ន្ធ​​ចែក​រំលែក​ព័ត៌មាន​ឥណទាន ​ប្រកប​ដោយ​សុវត្ថិភាព តម្លាភាព និង​គណនេយ្យ​ភាព​ពិត ជា​ជួយ​ទីផ្សារ​ហិរញ្ញ​វត្ថុ​ឥណទាន​កាន់តែ​មាន​អំណោយផល តាមរយៈ​ការ​កាត់​បន្ថយ​ការ​ផ្តល់​ឥណទាន​​ខ្វះខាត​ព័ត៌មាន​របស់​អ្នក​ខ្ចី”។

CBC បាន​​រួម​ចំណែក​ជួយ​ជំរុញ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ និង​ទីផ្សារ​ឥណទាន​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ មិន​តែ​ប៉ុណ្ណោះ​បាន​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​លទ្ធភាព​ ទទួល​បាន​ឥណទាន​កាន់តែ​ធំ​ទូលាយ និង​មាន​កំណើន​​រៀង​រាល់​ឆ្នាំ។ CBC មិន​ត្រឹម​តែ​រក្សា​ទុក​នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន ​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព័ត៌មាន​ប្រវត្តិ​វិជ្ជមាន​ផងដែរ ​ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​ឥណទាន​ ប្រកប​ដោយ​ទំនួល​ខុសត្រូវ​របស់​អ្នក​ខ្ចី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here