តម្លៃប្រេងកើនឡើងជាង៣ភាគរយនៅក្នុងទីផ្សារជួញដូរក្នុងតំបន់អាស៊ី

ដោយ: លាងហួរ

អាស៊ីៈ តម្លៃប្រេងបានកើនឡើងច្រើនជាង ៣ភាគរយក្នុងការជួញដូរអាស៊ី នាព្រឹកថ្ងៃចន្ទនេះខណៈដែលអង្គការOPEC + ពិចារណាកាត់បន្ថយទិន្នផលប្រេងរហូត ដល់១លានបារ៉ែលក្នុងមួយថ្ងៃ នៅកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះដើម្បីគាំទ្រទីផ្សារ។

តម្លៃប្រេងឆៅ Brent បានស្ទុះងើបឡើងវិញ២,៨២ដុល្លារ ឬ៣,៣ភាគរយ ដល់៨៧,៩៦ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង2337GMT បន្ទាប់ពីបានធ្លាក់ចុះ ០,៦ភាគរយកាលពីថ្ងៃសុក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រេងឆៅ West Texas Intermediate របស់អាមេរិកមានតម្លៃ ៨២,៩ដុល្លារក្នុងមួយបារ៉ែល កើនឡើង២,៦ដុល្លារ ឬ៣,៣ភាគរយបន្ទាប់ពីធ្លាក់ចុះ២,១ភាគរយនៅក្នុងការជួញដូរវគ្គមុន។

តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៤ខែជាប់គ្នា ចាប់តាំងពីខែមិថុនា ដោយសារការបិទខ្ទប់ ជំងឺរាតត្បាតនៅក្នុងប្រទេសចិន ដែលប៉ះពាល់ដល់តម្រូវការ ខណៈពេលដែលការកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃប្រាក់ដុល្លារអាមេរិក បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកជួបបញ្ហា។

ប្រភពអង្គការ OPEC+ បានប្រាប់សារពត៌មានរ៉យទ័រថា ដើម្បីគាំទ្រតម្លៃ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលជាក្រុមដែលគេស្គាល់ថា OPEC+ កំពុងពិចារណាកាត់បន្ថយទិន្នផលប្រេងរហូតដល់ទៅ១លានបារ៉ែលក្នុងមួយថ្ងៃ មុនពេលកិច្ចប្រជុំនៅថ្ងៃពុធ។

ដំណើរការនេះ នឹង​ក្លាយជា​ការ​កាត់​បន្ថយ​ប្រចាំ​ខែ ​ជា​លើក​ទី​២របស់​ក្រុម​អង្គការOPEC+ បន្ទាប់​ពី​វា​បាន​កាត់​បន្ថយ​ទិន្នផលប្រេង១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃកាល​ពី​ខែ​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here