ដំណឹងរីករាយៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃ២០០០លានដុល្លារបើកដំណើរការនៅថ្ងៃនេះហើយ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងមិនអាចកាត់ថ្លៃបាន គឺផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកដំណើរការនៅថ្ងៃនេះហើយ។

ដើម្បីត្រៀមក្នុងការបើកដំណើការ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃស្អែក (ថ្ងៃទី០១ ខែតុលា) ឱ្យប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយ ថ្នាក់ដឹកនាំក្រសួងបានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការងារមួយចំនួន ដែលនៅសេសសល់ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។

លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ កញ្ញា បានអញ្ជើញដឹកនាំក្រុមការងារ បច្ចេកទេសចុះពិនិ ត្យ និងផ្ទៀងផ្ទាត់ការងារមួយចំនួន ដែលនៅសេសសល់ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងការចុះពិនិត្យលើកនេះ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស បានធ្វើការផ្ទៀងផ្ទាត់ លើការងារមួយចំនួន ដែលតម្រូវឱ្យមានការកែលម្អ ខណៈពេលចុះត្រួតពិនិត្យ កាលពីថ្ងៃទី២៨ ខែកញ្ញា ក៏ដូចជាយោងលើស្មារតីអង្គប្រជុំកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។

បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ និងភាគីសាងសង់ ចុះត្រួតពិនិត្យជាពិសេស នៅតាមកន្លែងឈប់សម្រាកទាំង៤ទីតាំង ដើម្បីដឹងពីវឌ្ឍនភាពការងារ និងបញ្ជាក់ថាការរៀបចំបានត្រឹមត្រូវស្របតាមបទដ្ឋានសុខភាពអនាម័យ សម្រាប់បម្រើជូនសាធារណជន។

ជាលទ្ធផល ថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានឯកភាពសម្រេចបើកឱ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ទៅតាមការគ្រោងទុក ចាប់ពីម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះតទៅ ដោយមិនគិតថ្លៃ រយៈពេលពេញមួយខែ (រហូតដល់ម៉ោង២៣ និង៥៩នាទីរំលងអាធ្រាត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២)។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀត សូមចូលរួមសហការ និងអនុវត្តតាមសេចក្តីណែនាំ បញ្ឈប់នូវការកាត់របងសុវត្ថិភាព ដើម្បីចេញចូល និងគ្រប់គ្រងសត្វពាហនៈ/សត្វចិញ្ចឹមគ្រប់ប្រភេទឱ្យបានគត់មុត។ មួយវិញទៀត ចំពោះបងប្អូន ដែលមានបំណងបើកបរលើផ្លូវថ្មីល្បឿនលឿន សូមធ្វើការស្វែងយល់ពីលក្ខខណ្ឌផ្សេងៗទាក់ទងនឹងផ្លូវនេះ ដែលក្រសួងបានផ្សព្វផ្សាយ ជាពិសេ​សវីដេអូខ្លីស្តីពី “លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន” ជាមុនសិន។

កន្លែងឈប់សម្រាកទី១(កំពង់ស្ពឺ) ទី២(កំពង់ស្ពឺខាងលិច) និងទី៤(ព្រៃនប់ខាងលិច) នៅមិនទាន់បានសាងសង់រួចរាល់ ជាស្ថាពរនៅឡើយទេ។ ដោយឡែក កន្លែងឈប់សម្រាកទី៣(កំពង់សិលា) សាងសង់រួចបានមួយផ្នែកធំហើយ ពោលគឺបងប្អូនអាចឆៀងចូល ប្រើប្រាស់បង្គន់អនាម័យនៅកន្លែងឈប់សម្រាកទី៣នេះបាន។

ប៉ុន្តែចំពោះស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មនានា គឺមិនទាន់រួចរាល់ អាចបម្រើការបាននៅឡើយទេ។ ក្នុងន័យនេះដែរ ចំពោះបងប្អូន ដែលមានបំណង ក្នុងការធ្វើដំណើលើផ្លូវល្បឿនលឿន កំឡុងពេលសាកល្បងមួយខែនេះ សូមមេត្តាត្រួតពិនិត្យយានយន្ត ឱ្យបានសព្វជ្រុងជ្រោយ ជាពិសេសកម្រិតប្រេងឥន្ធនៈ ដើម្បីធានាថាគ្រប់គ្រាន់សម្រាប់ការបើកបរលើចម្ងាយផ្លូវ១៨៧,០៥គីឡូម៉ែត្រនេះ៕

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here