ដោយ: លាងហួរ
បាងកក: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakan បាននិយាយថា វត្តមានចូលរួមរបស់ប្រធានាធិបតីចិន លោកស៊ីជីន ពីងនៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅទីក្រុងបាងកក អាចជួយប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន១២លាននាក់នៅឆ្នាំនេះ លើសពីគោលដៅរបស់រដ្ឋាភិបាលចំនួន១០លាននាក់។
លោក Phiphat ជឿជាក់ថា អ្នកដំណើរចិនចំនួន១,៥លាននាក់នឹងទៅលេងប្រទេសថៃក្នុងខែធ្នូ ប្រសិនបើលោក ស៊ី ជីនពីន អនុញ្ញាតឱ្យទេសចរណ៍ក្រៅប្រទេសបន្តក្នុងខែនោះ។
ក្រសួងការបរទេសថៃបានថ្លែងកាលពីថ្ងៃពុធថា លោកស៊ី បានបញ្ជាក់ថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល Apec នៅថ្ងៃទី១៨-១៩ខែវិច្ឆិកាខាងមុខ។
លោក Phiphat បានបន្តថា “ខ្ញុំជឿជាក់ថា យើងពិតជានឹងសម្រេចបាននូវគោលដៅទេសចរណ៍បរទេស ចំនួន១០លាននាក់នៅចុងឆ្នាំ២០២២នេះ”។
ប្រទេសថៃបានសម្រេចគោលដៅ ហួសពាក់កណ្តាលដោយមានភ្ញៀវទេសចរចូលទស្សនា៥,៧លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។
លោកPhiphatបានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសចំនួន១,៥លាននាក់ត្រូវបានគេរំពឹងថា នឹងមកលេងប្រទេសថៃរៀងរាល់ខែ នៅចន្លោះខែតុលា ដល់ខែធ្នូ ដែលនឹងជំរុញឱ្យចំនួនភ្ញៀវទេសចរណ៍ សរុបសម្រាប់ឆ្នាំនេះកើនឡើងដល់ជាង១០លាននាក់។
លោក Phiphat បានបន្ថែមថា ប្រសិនបើមានភ្ញៀវទេសចរចិនបន្ថែមទៀត ទីផ្សារអាចនឹងកើនដល់១២លាននាក់៕