ក្រសួងទេសចរណ៍កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមជំរុញការស្ដារទេសចរណ៍ឡើងវិញ

ដោយៈសុផារី

សៀមរាបៈ ក្រសួងទេសចរណ៍ កំពុងបន្តជំរុញសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ ឱ្យស្របតាមឌីជីថលូបនីយក​ម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញ ឱ្យបានឆាប់នៃវិស័យទេសចរណ៍កម្ពុជា។

ដើម្បីគាំទ្រដល់កំណែទម្រង់នេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្ម ក្នុងការសម្រេចឱ្យបានផែនការសកម្មភាពការងារការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូបនីយកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញឱ្យបានឆាប់ នៃវិស័យទេសចរណ៍កម្ពុជា។

លោកបានឱ្យដឹងថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍ បានសម្រេចសកម្មភាពការងារចម្បងៗជាច្រើន ជាអាទិ៍ ការកែទម្រង់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា ការពិនិត្យទ្បើងវិញនូវអនុលោមភាព បទដ្ឋានគតិយុត្តទាក់ទងវិស័យទេសចរណ៍ ការសម្រួលនីតិវិធីស្នើសុំធ្វើធុរកិច្ច ទេសច​រណ៍ និងការជំរុញការអនុវត្តគោលនយោបាយសេដ្ឋកិច្ច- សង្គមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ ដែលជាកម្មវត្ថុនៃសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ។

លោកក៏បានលើកទ្បើងថា វិស័យទេសចរណ៍កម្ពុជារំពឹងថា នឹងងើប ទ្បើងក្នុងអត្រាដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ ក្នុងចំនួនទេសចរអន្តរជាតិពី១,៥ទៅ២លាននាក់ និងទេសចរផ្ទៃក្នុងពី១០-១១លាននាក់។ ជាក់ស្តែងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត១លាននាក់ និងទេសចរផ្ទៃក្នុងជាង៨,៦លាននាក់។

ទន្ទឹមនេះ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការសល់ត្រឹមតែចំនួន១.២០៧ទីតាំង ដែលស្នើនឹង១៥,៣០% នៃអាជីវកម្មទេសចរណ៍សរុប ដោយមានបុគ្គលិករងផលប៉ៈពាល់សរុប២២.៤២៩នាក់ ស្នើនឹង២៦,២០% នៃចំនួនបុគ្គលិកសរុប ពោលគឺមានអាជីវកម្មទេសចរណ៍ ប្រមាណ២.៧០៨ទីតាំងបានបើកដំណើរការទ្បើងវិញ និងបុគ្គលិករងផលប៉ៈពាល់ ទទួលបានការងារទ្បើងវិញ៣១.១០៥នាក់ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសទាំងស្រុងទទួលទេសចរអន្តរជាតិ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយសេដ្ឋកិច្ច-សង្គម និងកម្មវិធីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here