ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ពន្ឋដាថ្មី ដែលច្បាប់នេះនឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីពន្ធដារនឹងត្រូវរដ្ឋាភិបាល និងសភាជាតិអនុម័តនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ដែលច្បាប់ថ្មីនេះតាក់តែងឡើងឱ្យស្របទៅនឹងបរិបទសេដ្ឋកិច្ចប្រទេស តំបន់ និងពិភពលោក ដើម្បីទាក់ទាញវិនិយោគថ្មីៗ ដ៏មានសក្តានុពលឱ្យមកវិនិយោគ នៅប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាស្តីពី “បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពាណិជ្ជកម្មអាមេរិក-AmCham Tax Updates and Audits Event” នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញាថា ចាប់តាំងពីច្បាប់ស្តីពីការវិនិយោគថ្មី ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ច្បាប់ស្តីពីពន្ធដារមិនទាន់បានដាក់ឱ្យដំណើរការទេ។ ច្បាប់ទាំង២ គួរត្រូវបានដើរទន្ទឹមគ្នា។
លោកបន្តថា “ច្បាប់ពន្ធដារអត់មានការលើកទឹកចិត្ត ដូច្នេះហើយមានមនុស្សជាច្រើនតែងតែសួរយើងខ្ញុំថា តើយើងគួរធ្វើបច្ចុប្បន្នភាពច្បាប់ពន្ធដារដែរឬយ៉ាងណា?”។ លោកបន្ថែមថា “អ៊ីចឹងនៅពេលដែលយើងធ្វើសេចក្តីព្រាងច្បាប់ពន្ធដារ គឺយើងធ្វើឡើងនៅថ្នាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុតិ្តធម៌ អ្នកពិនិត្យមើលទៅលើច្បាប់ពាក់ព័ន្ធ ជាមួយបទល្មើសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងពិនិត្យមើលទៅលើប្រការនីមួយៗ ដើម្បីឱ្យស្របទៅនឹងច្បាប់ផ្សេងៗ”។
ក្រុមការងារច្បាប់របស់ GDT បានធ្វើសេចក្តីព្រាងច្បាប់នេះជាយូរឆ្នាំហើយ ដែលសេចក្តីព្រាងច្បាប់ថ្មីនេះ គឺធ្វើឡើងផ្អែកលើការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចកម្ពុជា និងស្របតាមកំណើនសេដ្ឋកិច្ច ឬការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះគឺផ្អែកលើធាតុចូលពីវិស័យឯកជនផងដែរ និងតាមរយៈក្រុមការងារពន្ធដារ ក្រុម “ឃ” ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងវិស័យឯកជន។
លោកបានពន្យល់ថា យើងរៀបចំសេចក្តីព្រាងច្បាប់នេះឡើងសំដៅធ្វើយ៉ាងណាឱ្យមានលក្ខណៈងាយស្រួល សម្រាប់អ្នកជាប់ពន្ធ និងសមស្របជាមួយច្បាប់ស្តីពីការវិនិយោគផងដែរ។ ខ្ញុំសង្ឃឹមថានៅចុងឆ្នាំនេះ ឬនៅចុងអាណត្តិនេះច្បាប់ពន្ធដារថ្មីរបស់យើងនឹងអាចអនុម័តដោយរដ្ឋាភិបាល និងរដ្ឋសភារបស់យើង។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះស្ថិតក្នុងដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”៕