រដ្ឋបាលខេត្តព្រះសីហនុបង្កើតក្រុមប្រតិបត្តិការចំនួនបី ដើម្បីរៀបចំប្រយុទ្ឋប្រឆាំងការជួញដូរមនុស្សនិងបញ្ហាជាច្រើនទៀត

 ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពខេត្ត ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ បានសម្រេចបង្កើតក្រុមប្រតិបត្តិការងារចំនួន៣។

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី២៨ កញ្ញាកន្លងមកបានឲ្យដឹងថា បានសម្រេចបង្កើតក្រុមការងារប្រតិបត្តិការចំនួន៣ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួម នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-ចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួម នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

-ចុះត្រួតពិនិត្យអំពីភាពស្របច្បាប់ នៃជនបរទេស និងភាពស្របច្បាប់ នៃការប្រើប្រាស់កម្លាំងពលកម្ម ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។

-ចុះត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធដទៃផ្សេងទៀត។

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណីការជួញដូរមនុស្ស ការចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្មការបង្ខំឱ្យធ្វើការ ការជំរិតទារប្រាក់…។ល។

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់

-រាល់ការចុះអនុវត្តការងារត្រូវមានការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

-ធ្វើកំណត់ហេតុរាល់ការចុះត្រួតពិនិត្យទីតាំងនីមួយៗ និងបូកសរុបលទ្ធផលការងាររាយការណ៍ ជូនលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

-រៀបចំកសាងសំណុំឯកសារស្របតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ

-ប្រធានក្រុមការងារនីមួយៗ អាចប្រគល់សិទ្ធិដឹកនាំជូនអនុប្រធានក្រុម ដើម្បីដឹកនាំក្រុមការងារចុះបំពេញភារកិច្ចនៅទីតាំងណាមួយ តាមស្ថានភាពជាក់ស្តែង។

-ថតវីដេអូសកម្មភាព និងថតរូបភាពប្រតិបត្តិការតាមទីតាំងនីមួយៗសម្រាប់ទុកជាឯកសារ។

-ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទទៅតាមទំហំការងារជាក់ស្តែង។

-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here