ប្រទេសជប៉ុនចាប់ផ្តើមដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ ដើម្បីត្រៀមផ្គត់ផ្គង់ដល់អឺរ៉ុបសម្រាប់រដូវរងាខាងមុខ

ដោយ: លាងហួរ

តូក្យូ: ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ការចាប់ផ្តើមឡើងវិញ នូវរោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសជប៉ុន នឹងជួយបន្ធូរបន្ថយការភ័យខ្លាចនៃការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប ក្នុងអំឡុងរដូវរងាខាងមុខ។

អឺរ៉ុបកំពុងប្រជែងគ្នាដើម្បីត្រៀមខ្លួន សម្រាប់វិបត្តិថាមពលក្នុងរដូវរងានេះ ដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានរារាំងលំហូរឧស្ម័ន និងជំរុញឱ្យមានការភ័យខ្លាចនៃការដាច់ចរន្តអគ្គិសនី និងវិបត្តិសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយកាលពីខែសីហាថា ប្រទេសជប៉ុននឹងចាប់ផ្តើមឡើងវិញនូវរោងចក្រនុយក្លេអ៊ែរ ដែលនៅទំនេរបន្ថែមទៀត និងអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ថ្មីបំផុត។

ប្រធាន IEA លោក Fatih Birol បានប្រាប់សន្និសីទថាមពលអន្តរជាតិនៅទីក្រុងតូក្យូថា “ខ្ញុំរីករាយ ដែលបានឃើញប្រទេសជប៉ុន ឆ្ពោះទៅរកការចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ”។

លោក Birol បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុន នៃការផ្លាស់ប្តូរបៃតង ជាពិសេសការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។

កាលពីឆ្នាំមុនលោក Birol បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសជប៉ុន ដែលជាប្រទេសនាំចូលឧស្ម័ន LNG ដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីវិលត្រលប់ទៅប្រើប្រាស់ប្រភពនុយក្លេអ៊ែររបស់ខ្លួនវិញ។

លោកបាននិយាយថា ការចាប់ផ្តើមរោងចក្រនុយក្លេអ៊ែរឡើងវិញ គឺជាដំណឹងល្អ សម្រាប់ប្រទេសជប៉ុន ប៉ុន្តែក៏ជាជំនួយដ៏ធំមួយសម្រាប់អឺរ៉ុបក្នុងរដូវរងារផងដែរ។ ប្រសិនបើប្រទេសជប៉ុនចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ ប្រទេសជប៉ុននឹងនាំចូល LNG តិច ហើយ LNG កាន់តែច្រើននឹងមាននៅលើទីផ្សារ ដែលជួយអឺរ៉ុបឱ្យរួចផុតរដូវរងា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

លោក Kishida ក៏បានលើកឡើងផងដែរថា ការចាប់ផ្តើមឡើងវិញនូវរ៉េអាក់ទ័រនុយក្លេអ៊ែរមួយនឹងបញ្ចេញឧស្ម័ន LNG ចំនួន១លានតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here