ស្ថាប័នអន្តរជាតិសន្យាផ្តល់ជំនួយជាច្រើនដល់កម្ពុជា ក្នុងការជំរុញ និងស្តារវិស័យទេសចរណ៍

ដោយ សុផារី

ឥណ្ឌូណេស៊ីៈ ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) សន្យាផ្តល់ជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ការសន្យាជួយគាំទ្រនេះធ្វើឡើង តាមរយៈជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៉ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេសG20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្របតាមសំណើរបស់កម្ពុជា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោកបានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា។

លោកស្រីប្រធាន ស្យូលា ស៉ីមផ៍សុន បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋាន ធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។

ក្រៅពីនេះ ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក ក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក ក៏បានចែករំលែកបទពិសោធន៍ និងសារសំខាន់នៃការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងបរិបទកូវីដ១៩ ដែលនិន្នាការទេសចរណ៍នេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកស្រីស្យូលា ស៉ីមផ៍សុន បានកត់សម្គាល់អំពីការចូលរួមដ៏សំខា​ន់របស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជា មុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥%។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបានជម្រាបដល់ក្រុមប្រឹក្សាពិភពលោ​ក អំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាត់ទុកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ និងបើ​កប្រទេសទទួលទេសចរចាក់វ៉ាក់សាំង ពេញលេញចាប់ពីចុងឆ្នាំ២០២១។

លោកថោង ខុន បានបញ្ជាក់ជូនក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោកថា រយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជា អាចឈានដល់១,២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here