ការងារជាង២ម៉ឺនកន្លែងត្រៀមផ្តល់ជូនអ្នករកការងារធ្វើក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងខែតុលាខាងមុខ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ នៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ខាងមុខ ទីភ្នាក់ងា​រ​ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយនឹងនាំមកនូវឱកាសការងារជាង២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង១៥០ បង្ហាញជូនសាធារណៈជននៅអគារពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារបានឲ្យដឹងថា គោលបំណងនៃកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ រៀបចំឡើងក្នុងគោលដៅ ដូចជា ការង្កើតជាវេទិកាប្រមូលផ្ដុំឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅមួយកន្លែង ងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញ ពីគ្រប់ទីកន្លែងទូទាំងប្រទេសសម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើស កម្លាំ​ងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមាន សមត្ថភាពជំនា​ញ និងសក្តានុពលស្របតាមតម្រូវការ អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ លើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាព តាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្ដរជាតិល្បីៗ និងបង្កើតវេទិកាសម្រាប់ពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking)។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីនេះ ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកស្វែងរកការងារ ក៏ដូចជាយុវជន សិស្ស និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលា ចែករំលែកចំណេះដឹង ពីការលើកកម្ពស់ផលិតភាពដោយវាគ្មិនជាតិ និងអន្តរជាតិ    ល្បីៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here