កម្ពុជា-អង្គការUNESCAP ពិភាក្សាគ្នាដើម្បីជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន

ដោយៈ គង់ ម៉ាលីនណា

       ឥណ្ឌូនេស៊ីៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបពិភាក្សាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិ (Executive Secretary) របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក នាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

តាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមលោករដ្ឋមន្រ្តីបានសំដែងការស្វាគមន៍ និងអរគុណចំពោះលោកស្រី ដែលបានស្នើឡើងនូវជំនួបពិភាក្សាការងារនេះ និងបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់អង្គការ UNESCAP នៅក្នុងសកម្មភាពជំរុញ និងសម្រួលពាណិជ្ជកម្ម ជាពិសេសលើការជំរុញក្របខ័ណ្ឌពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបានបន្តថា កម្ពុជាបានចូលរួមក្នុងសកម្មភាពជាច្រើន របស់អង្គការ UNESCAP ដែលមានដូចជា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ការត្រួតពិនិត្យបទប្បញ្ញាតិពាណិជ្ជកម្មឌីជីថល និងសកម្ម​ភាពផ្សេងៗទៀត ដែលជួយជំរុញការអភិវឌ្ឍរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោកស្រីអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ក្នុងការផ្ដល់ឱកាសក្នុងការពិភាក្សាចែករំលែកនូវទស្សនាទានល្អៗ ចំពោះវឌ្ឍនភាពការអនុវត្តរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសទៅលើបញ្ហាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដូចជា កិច្ចសម្រួលពាណិជ្ជកម្ម និងសកម្មភាពសហប្រតិបត្តិការ ក៏ដូចជាសមាហរណកម្មតំបន់។ បន្ថែមពីនេះ លោកស្រីបានកោតសរសើរដល់កម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនានាជាមួយអង្គការនាពេលកន្លងមក

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងឱកាសនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីការងារមួយចំនួន ដែលត្រូវធ្វើដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសការវាយតម្លៃឡើងវិញលើគ្រប់បណ្ដាផ្នែកពាក់ព័ន្ធ រួមមាន ពេលវេលាកំណត់ (timeframe) ទិសដៅយុទ្ធសាស្រ្ត (strategic directions) ផែនការសកម្មភាព (action plans) និងធនធាន (resources) ដែលមានសម្រាប់ការអភិវឌ្ឍរបៀបវារៈទាំងនោះ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ ភាគីទាំងទាំងពីរបានរំលឹកឡើងវិញ នូវតួនាទីដ៏សំខាន់របស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការរក្សាបាននូវលំហូរខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចសកល ជាពិសេសវិស័យសេវាកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីក៏បានបង្ហាញ ចំណាប់អារម្មណ៍ក្នុងការអញ្ជើញកម្ពុជា ចូលរួមក្នុងគម្រោងពាក់ព័ន្ធផ្សេងៗ នាពេលអនាគត ក្នុងការជួយជំរុញការអភិ​វ ឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here