ពានរង្វាន់សេវាកម្មសង្គមបានរៀបចំឡើងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយៈ សិរីម៉ាលីនណា

       ភ្នំពេញៈ សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១។

ពិធីប្រគល់ពានរង្វាន់ជ័យលាភីនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ កញ្ញាកន្លងមកនេះ។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់មន្រ្តីថ្នាក់ក្រោមជាតិ ដែលបានបំពេញការងារផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចក្រឡាហោមបានបញ្ជាក់ថា “ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន”។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ការផ្តល់សេវាសាធារណៈ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះតម្រូវការជាអាទិភាពនានា របស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ ពិតជាមានគុណសម្ប​ត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចចិត្ត ក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា ដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលនៃក្រសួងមហាផ្ទៃមានប្រសាសន៍លើកឡើងថា កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ចែកចេញជា២ប្រភេទ គឺពានរង្វាន់ ផ្កាយសេវាសង្គម និងពានរង្វាន់ជើងឯកសេវាសង្គម ដែលត្រូវធ្វើការវាយ តម្លៃដាក់ពិន្ទុតាមសូចនាករដែលបានកំណត់។

ជាលទ្ធផល រដ្ឋបាលខេត្តដែលទទួលបាន ចំណាត់ថ្នាក់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម មានដូចខាងក្រោម៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ខេត្តកណ្តាលលេខ២ ។

សម្រាប់ពានរង្វាន់ជើងឯក សេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌបានទៅលើ រដ្ឋបាលក្រុងតាខ្មៅ នៃខេត្តកណ្តាលចំណាត់ថ្នាក់លេខ១ ខណ្ឌមានជ័យនៃរាជធានីភ្នំពេញលេខ២ និងរដ្ឋបាលខណ្ឌកំបូលនៃរាជធានីភ្នំពេញចំណាត់ថ្នាក់លេខ៣។

ដោយឡែក ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់បានទៅលើ រដ្ឋបាលសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគង ខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ រដ្ឋបាល ឃុំបន្សាយត្រែងនៃស្រុកថ្មគោល ខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ៣ រដ្ឋបាលសង្កាត់ បឹងកេងក ងទី២ នៃខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ទទួលបានចំណាត់ ថ្នាក់លេខ៤៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here