ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ទីបំផុតតួលេខសម្រាប់ប្រាក់ខែគោលកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកម្ពុជាបានចេញជាលទ្ធផល ក្រោយពិភាក្សាជាច្រើនលើក រវាងតំណាងកម្មករ និងតំណាងថៅកែរោងចក្រ ដោយមានការសម្របសម្រួលពីខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២១ កញ្ញា២០២២នេះឱ្យដឹងថា ប្រាក់ខែកម្មករនិយោជិតត្រូវបានទឹកប្រាក់ចំនួន២ដុល្លារអាមេរិក ពីលើទឹកប្រាក់១៩៨ដុល្លារអាមេរិក ដែលបានស្នើឡើង ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ជាប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ក្នុងមួយខែសម្រាប់ឆ្នាំ២០២៣។
ប្រាក់ខែឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់២០០ដុល្លារអាមេរិក ក្នុងមួយខែ។
សេចក្ដីប្រកាសដដែល ឱ្យដឹងទៀតថា ការកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនយោជិតសាកល្បងចំនួន១៩៨ដុល្លារអាមេរិកក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួលអប្បរមាចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។
ចំពោះកម្មករនិយោជិត ដែលទទួលបានប្រាក់ឈ្នួល គិតតាមបរិមាណផលិតផល ត្រូវទទួលបានប្រាក់ឈ្នួល តាមទិន្នផលជាក់ស្ដែង ដែលធ្វើបាន។ បើទិន្នផលការងារទទួលបាននោះលើសចំនួន ប្រាក់ឈ្នួលនឹងទទួលបានលើសចំនួន២០០ដុល្លារនោះ។ បើសិនបើទាបជាងប្រាក់ឈ្នួល ដែលទទួលបាន គឺ១៩៨ដុល្លារអាមេរិក។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាសម្ព័ន្ធសហជីពជាតិលោករីករាយ ចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាជូនកម្មករ ទោះបីជាមិនបានច្រើនតាមការចង់បាន តែហោចណាស់ ក៏បានជួយសម្រួលខ្លះៗដល់កម្មករ។
លោកបន្តថា ប្រាក់ខែ២០០ដុល្លារអាមេរិកនេះ វាជួយទាំងកម្មករ ទទួលបានប្រាក់បន្ថែម និងជួយសម្រួល ដល់វិនិយោគិនទាំងថ្មីទាំងចាស់ ដែលវិនិយោគនៅកម្ពុជា ស្របពេលភាពមិនទាន់ប្រាកដប្រជានៃសេដ្ឋកិច្ច ដោយបណ្ដាលមកពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបណ្ដាលឱ្យមានការលំបាកទាំងអស់គ្នាទាំងវិនិយោគិននិងកម្មករ ។
លោកបន្ថែមថា ក្នុងនាមជាប្រទេសប្រកួតប្រជែង យើងក៏មិនអាចដំឡើងឱ្យខ្ពស់ហួស ពីប្រទេសជិតខាងដែរ។ ជាក់ស្ដែង វៀតណាមមានប្រាក់ឈ្នួលអប្បរមាប្រមាណ២០០ដុល្លារ ឬ២០១ដុល្លារអាមេរិកដូចគ្នាក្នុងមួយខែ អញ្ចឹងបើសិនជាយើងដំឡើងហួសពីនេះ នឹងធ្វើឱ្យវិនិយោគិនថ្មីៗរកប្រទេសណាដែលមានភាពងាយស្រួល។
លោកក៏បានស្នើរដ្ឋាភិបាលសម្រួលតម្លៃប្រេងឥន្ធនៈ និងធ្វើយ៉ាងណា ទប់ស្កាត់ការឡើងថ្លៃផ្ទះជួយកម្មករកុំឱ្យឡើងថ្លៃទៅតាមប្រាក់ខែឈ្នួល៕