ដោយ: លាងហួរ
ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលប្រទេសចិនបានកើនឡើង១៦,៤ភាគរយក្នុងមួយឆ្នាំ កើនឡើងដល់៨៩២,៧៤ពាន់លានយ័ន ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២២នេះ។
យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា គិតជាប្រាក់ដុល្លារ លំហូរចូលបានកើនឡើង២០,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់១៣៨,៤១ពាន់លានដុល្លារ។
លំហូរវិនិយោគបរទេស ចូលវិស័យសេវាកម្មមានទំហំចំនួន៦៦២,១៣ពាន់លានយ័ន នៅចន្លោះខែមករាដល់ខែសីហា ដោយបានកើនឡើង៨,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស ការវិនិយោគពីបរទេស ក្នុងការផលិតបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៤៣,១ភាគរយ ខណៈវិស័យសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង៣១ភាគរយ។
ការវិនិយោគពីសាធារណរដ្ឋកូរ៉េ បានកើនឡើង៥៨,៩ភាគរយ អាល្លឺម៉ង់ បានកើនឡើង៣០,៣ភាគរយ និងជប៉ុន បានកើនឡើង២៦,៨ភាគរយ ធៀបនឹងឆ្នាំមុន។
លំហូរវិនិយោគផ្ទាល់ពីបរទេស ដែលហូរចូលទៅក្នុងតំបន់ភាគខាងកើត របស់ប្រទេសចិន បានរាយការណ៍ថា មានការកើនឡើង១៤,៣ភាគរយ ក្នុងអំឡុងខែមករា ដល់ខែសីហា បន្ទាប់មកដោយ ២៧,៦ភាគរយនៅក្នុងតំបន់កណ្តាល និង៤៣ភាគរយ នៅតំបន់ភាគខាងលិច៕