ដោយ: លាងហួរ
ថៃ: សហគមន៍ធុរកិច្ច នៅភាគខាងជើងប្រទេសថៃ មានសុទិដ្ឋិនិយមអំពីការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម នៅទន្លេមេគង្គ ជាមួយនឹងការបើកឡើងវិញនូវកំពង់ផែ Guan Lei ក្នុងខេត្តយូណាន នៃប្រទេសចិន។
កំពង់ផែនេះស្ថិតក្នុងតំបន់ស្វយ័ត Xishuangbanna ក្នុងខេត្តយូណាន ហើយត្រូវបានបិទតាំងពីដើមឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។
អ្នកជំនាញមកពីនាយកដ្ឋានពាណិជ្ជកម្ម ក្នុងខេត្តយូណាន ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា និងឡាវ បានត្រួតពិនិត្យកំពង់ផែ កាលពីថ្ងៃទី ១៦ ខែសីហា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អាជ្ញាធរ Xishuangbanna ដែលបានស្នើសុំឱ្យបើកដំណើរការឡើងវិញ។
រដ្ឋបាលខេត្តយូណាន កាលពីសប្តាហ៍មុន បានរាយការណ៍ថា កំពង់ផែនេះត្រូវបានសម្អាត ដើម្បីដំណើរការសេវាកម្មដឹកទំនិញ ប៉ុន្តែត្រូវតែអនុវត្តតាមស្តង់ដារសុវត្ថិភាពយ៉ាងតឹងរឹង និងកែលម្អនីតិវិធីគយរបស់ខ្លួន។
លោក Pakaimas Vierra អនុប្រធានសភាពាណិជ្ជកម្មឈៀងរ៉ៃ បាននិយាយថា ការបិទកំពង់ផែបានរារាំងពាណិជ្ជកម្ម រវាងប្រទេសថៃ និងចិន។ ប្រតិបត្តិករអាជីវកម្មជាច្រើនបានផ្លាស់ប្តូ រទៅរកការដឹកជញ្ជូនតាមផ្លូវគោក តាមរយៈប្រទេសឡាវ ប៉ុន្តែការចំណាយ គឺខ្ពស់ជាងយ៉ាងខ្លាំង ដោយសារតែផ្លូវភ្នំនៃធម្មជាតិ។
ជាងនេះទៅទៀត កប៉ាល់ដឹកទំនិញអាចផ្ទុកបរិមាណ ច្រើនជាងរថយន្តដឹកទំនិញទៅទៀត។ ការបើកឡើងវិញនូវកំពង់ផែ Guan Lei ជាប្រយោជន៍សម្រាប់កំពង់ផែទន្លេផ្សេងទៀត ក្នុងប្រទេសឡាវ និង មីយ៉ាន់ម៉ា។
បច្ចុប្បន្ន កប៉ាល់ដឹកទំនិញអាចធ្វើដំណើរបានតែរវាងទីក្រុង Chiang Saen ទៅកាន់ទីក្រុងនានាក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារកំពង់ផែភាគច្រើន នៅក្នុងប្រទេសឡាវនៅតែបិទ។
ទំហំពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយការិយាល័យគយឆៀងសែន នៅក្នុងខេត្តឈៀងរ៉ៃ បានធ្លាក់ចុះ២១ភាគរយក្នុងឆ្នាំ២០២០ ហើយបានធ្លាក់ចុះ១៩ភាគរយទៀត នៅឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត។
គិតត្រឹមខែមេសាឆ្នាំនេះ ការនាំចេញពីប្រទេសថៃបានកើនឡើង៣,៩ពាន់លានបាត ខណៈការនាំចូលកើនឡើង២៧១លានបាត។ នេះបើធៀបនឹងកំណើនការនាំចេញប្រចាំឆ្នាំពី១៥ទៅ១៨ពាន់ លានបាត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុនពេលជំងឺកូវីដ១៩វាយប្រហារ៕