ដោយៈ សុខុម
វៀងចន្ទន៍: រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធ គ្រោងនឹងបោះទុនវិនិយោគ ក្នុងទំហំំទឹកប្រាក់រហូតដល់ ជាង២.០០០លានដុល្លារអាមេរិក សម្រាប់ការសាងសង់គម្រោងថាមពលអគ្គិសនីពីខ្យល់ នៅតំបន់ Lako ស្រុក Sepon ខេត្ត Savannakhet។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញា។
លោក Sathabandith Insisiengmay អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ និងក្រុមហ៊ុន Savan Vayu Renewable Company រួមជាមួយក្រុមហ៊ុន LTM Lao Company បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពិនិត្យមើលលទ្ធភាព នៃសាងសង់គម្រោងថាមពលអគ្គិសនីពីខ្យល់នៅក្នុងតំបន់នោះ។
ស្ថានីយថាមពលអគ្គីសនីពីខ្យល់នេះ នឹងមានសមត្ថភាពផលិតអគ្គិសនី បានដល់ទៅ១.២០០មេហ្គាវ៉ាត់ (MW) ហើយគ្រោងនឹងចំណាយថវិកាសាងសង់អស់ ប្រមាណ២.១៥៩លានដុល្លារអាមេរិក។ ចំណែកឯការសាងសង់នឹងបញ្ចប់នៅចុងឆ្នាំ២០២៥។
អគ្គិសនីដែលផលិតបានពីគម្រោងថាមពលខ្យល់នេះ គឺទុកសម្រាប់ប្រើប្រាស់ក្នុងប្រទេស ក៏ជានាំចេញខ្លះទៅបរទេស ជាពិសេសនាំចេញទៅប្រទេសវៀតណាម។
ការអនុវត្ត MoU នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ក្នុងវិស័យថាមពល ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៦៕ Laotian Times៕