ក្រុមមន្រ្តីជាន់ខ្ពស់ៈពេលនេះអាស៊ានត្រូវរួបរួមគ្នាជាងពេលណាទាំងអស់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងទាក់ទាញការវិនិយោគ

ដោយៈគង់ ម៉ាលីនណា

       សៀមរាបៈ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា តំបន់វិនិយោគអាស៊ានលើកទី២៥ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Area Council) បានលើកឡើងថា អាស៊ានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាល មកពីការរាតត្បាតនៃជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប៉ុនប៉ងញែកពិភពលោក ទៅជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុ។

លោកបានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ អាស៊ានត្រូវរួបរួមគ្នាជាងពេលណាៗទាំងអស់ ហើយត្រូវបន្តសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា និងបន្តជំរុញ និងទាក់ទាញការវិនិយោគ ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នមកក្នុងតំបន់អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដំណាលគ្នា នឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលបាននិងកំពុងប្រព្រឹត្ត ទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោក សុខ ចិន្តាសោភា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសមាជិកអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ ដោយផ្ទាល់ និងបានលើកទឹកចិត្ត ឱ្យគណៈប្រតិភូឆ្លៀតឱកាសអញ្ជើញ ទៅទស្សនាប្រាង្គប្រាសាទដ៏ល្អឯក និងសម្បូរបែបក្នុងទឹកដីនៃខេត្តសៀមរាប។

អង្គប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាវិនិយោគអាស៊ាន ក៏បានកត់សម្គាល់ពីវឌ្ឍនភាពនៃការពិភាក្សា ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ នៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យតំបន់នេះ បន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។

អង្គប្រជុំបានពិនិត្យផងដែរ នូវរបាយការណ៍ ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយ សន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។

របាយការណ៍នេះ បានបង្ហាញឱ្យឃើញពីការកើនឡើងវិញ គួរឱ្យកត់សម្គាល់នូវរំហូរទុនវិនិយោគ មកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ ដល់ប្រមា​ណ១៧៤ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដែលជាកត្តាលីករ ក្នុងការស្តារសេដ្ឋកិច្ចអាស៊ាន នៅក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពលេចធ្លោជាងគេ។

ជាមួយនឹងការកត់ត្រានូវកំណើនរំហូរទុនវិនិយោគ របាយការណ៍បានបង្ហាញឱ្យឃើញអំពីការកើនឡើង យ៉ាងគំហុកនៃការវិនិយោគថ្មី។ ទន្ទឹមនឹងរបកគំហើញយ៉ាងវិជ្ជមាននេះ របាយការណ៍ក៏បានរំលេចផងដែរថា កិច្ចសម្រួលវិនិយោគ គឺជារបៀបវារៈអាទិភាពរបស់បណ្តាប្រទេស នៅជុំវិញពិភពលោក ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here