ដោយ: លាងហួរ
ប្រទេសថៃ: ទីផ្សារលំនៅឋានក្នុងខេត្តសំខាន់ៗ ស្ថិតនៅភាគខាងជើងប្រទេសថៃ កំពុងងើបឡើងវិញដល់កម្រិតមុនកូវីដ បន្ទាប់ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលកំពុងជំរុញសេដ្ឋកិច្ចក្នុងស្រុក។
លោកSoranand Sethi ប្រធានសមាគមអចលនទ្រព្យឈៀងម៉ៃបាននិយាយថា សេដ្ឋកិច្ចនៅខេត្តឈៀងម៉ៃ មានភាពប្រសើរឡើងដោយសារការស្ទុះងើបឡើងវិញ នៅក្នុងវិស័យទេសចរណ៍ និងវិស័យលក់រាយ។
លោក Soranand ដែលជាអនុប្រធានសភាពាណិជ្ជកម្មឈៀងម៉ៃផងដែរនោះបាននិយាយថា យើងបានកត់ត្រាភ្ញៀវទេសចរបរទេសយ៉ាងច្រើននៅក្នុងឈៀងម៉ៃ បើធៀបនឹងរយៈពេលប្រាំមួយខែមុន។
យោងតាម មជ្ឈមណ្ឌល ព័ត៌មាន អចលន ទ្រព្យ (REIC) បាន ឲ្យ ដឹង ថា ចំនួន លំនៅឋាន ដែល ទើប លក់ ថ្មី ក្នុង ទីក្រុងឈៀងម៉ៃ ឈៀងរ៉ៃ ភីតសានុលោក ណាខនសាវ៉ាន់ និង ឡាំផុន ក្នុង ឆមាសទី១ មានចំនួនសរុប២២០៣យូនីត ដែលមានតម្លៃ៨,១៧ពាន់លានបាត(ប្រហែលជាង២២២លានដុល្លារ)។
បរិមាណយូនីតបានឈានដល់ជិតកម្រិតមធ្យមភាគ មុនពេលជំងឺរាតត្បាត ដែលកើនឡើង៨៣ភាគរយ ពីឆមាសទីមួយនៃឆ្នាំ២០២១ ខណៈតម្លៃខ្ពស់ជាងមធ្យមភាគ មុនជំងឺរាតត្បាតកើនឡើង៧៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Vichai Viratkapan អគ្គនាយកស្តីទី REIC បាននិយាយថា ចំនួននៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មី ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តភាគខាងជើង ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែអ្នកអភិវឌ្ឍន៍កាន់តែមានទំនុកចិត្ត បន្ទាប់ពីទេសចរណ៍ត្រឡប់មកវិញ។
យោងតាម REIC បានឱ្យដឹងថា លំនៅឋានសរុបចំនួន២៤៧០ ដែលមានតម្លៃសរុប១០,៨ពាន់លានបាត បានបើកដំណើរការនៅក្នុងខេត្តភាគខាងជើង ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើងដល់៤,២ដង និង៦ដងពីមួយឆ្នាំទៅមួយឆ្នាំ។បរិមាណ និងតម្លៃនៃការផ្គត់ផ្គង់ថ្មីគឺខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ សូម្បីតែមុនពេលជំងឺរាតត្បាតក៏ដោយ៕