ប្រទេសកម្ពុជាពុំទាន់មានច្បាប់ហាមឃាត់ការនាំចូលផលិតផលផ្ទុកសារធាតុអាសបេស្តុសនៅឡើយទេ

ដោយ: សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអះអាងថា គិតមកដល់បច្ចុប្បន្ន កម្ពុជាពុំទាន់មានច្បាប់ហាមឃាត់ការប្រើប្រាស់ ការនាំចូលផលិតផលដែលមានផ្ទុកសារធាតុអាសបេស្តុសនៅឡើយទេ។

នេះបើយោងតាមលោក ឌឹម ថេង អគ្គនាយករង តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអង្គការ APHEDA និងទីភ្នាក់ងាររដ្ឋបាលប្រទេសអូស្ត្រាលី ដើម្បីលុបបំបាត់សារធាតុអាសបេស្តុស (ASEA) នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

អគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងក្នុងបណ្តាញសង្គមថា ទោះជាយ៉ាងនេះក៏ដោយ អគ្គនាយកដ្ឋាន ក.ប.ប. បានផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ធុរជន ដែលផលិត និងនាំចូលផលិតផលគ្រឿងសម្អាង យកផលិលផលខ្លួនមកវិភាគរកវត្តមានសារធាតុអាសបេស្តុស នៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. តាមគោលការណ៍ស្មគ្រចិត្តបាន ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ថា ផលិតផល ដែលបានចែកចាយមិនមានវត្តមានសារធាតុអាសបេស្តុស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយករង បានលើកឡើងអំពីវឌ្ឍនភាពនៃមន្ទីរពិសោធន៍ អាសបេស្តុស របស់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការត្រួតពិនិត្យសារធាតុអាសបេស្តុសក្នុងផលិតផលគ្រឿងសំណង់ ដែលមានសមត្ថភាព និងសក្តានុពល ក្នុងការវិភាគរកសារធាតុអាសបេស្តុស ដោយទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី។

ប្រភព ក.ប.ប បានឲ្យដឹងទៀតថា អង្គការ APHEDA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាតិឱ្យក្រុមការងារបានមកធ្វើទស្សនកិច្ច និងធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពនៃមន្ទីរពិសោធន៍វិភាគសារធាតុអាសបេស្តុសនេះ និងគាំទ្រយ៉ាងពេញទំហឹងដល់ការពង្រឹងសមត្ថភាពកម្ពុជា ក្នុងការវិភាគរកសារធាតុអាសបេស្តុស។

ជាមួយគ្នានេះ អង្គការ បានសំណូមពរដល់អគ្គនាយកដ្ឋាន ក.ប.ប. ឲ្យផ្តល់នូវប្រធានបទជាក់លាក់ តម្រូវការ និងឧបករណ៍ដល់អ្នកជំនាញការ មុនពេលគាត់មកបណ្តុះបណ្តាល ដើម្បីអោយសមស្របនឹងបរិបទបច្ចុប្បន្នរបស់មន្ទីរពិសោធន៍ ក៏ដូចជាលើកទឹកចិត្តក្នុងការសហការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកិច្ចការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here