សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាចំនួន២៥ទទួលពានរង្វាន់ផែនការអាជីវកម្មពីអង្គការពិភពលោកមួយ

ដោយ៖ សហការី

ភ្នំពេញ៖ តំណាងសហគ្រាសចំនួន២៥ ក្នុងចំណោម ៧៣នៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានទទួលពានរង្វាន់ក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ក្រោមគម្រោងខាស់របស់អង្គការទស្សនៈពិភពលោក។

សេចក្ដីប្រកាសព័ត៌មានរបស់ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា ឱ្យដឹងថា “ខាស់” បានរៀបចំពិធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន២៥ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ដើម្បីយកកញ្ចប់មូលនិធិសហវិនិយោគជាជំនួយឥតសំណងរបស់គម្រោងខាស់។

សេចក្ដីប្រកាសដដែលឱ្យដឹងថា គោលបំណងរបស់កម្មវិធីនេះ ធ្វើឡើងដើម្បីបង្ហាញពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងការកសាងសមត្ថភាពដើម្បីអភិវឌ្ឍអាជីវកម្មឱ្យមានភាពរីកចម្រើន ក៏ដូចជាការអបអរសាទរដល់សហគ្រាសដែលឈ្នះក្នុងការប្រកួតប្រជែងយកកញ្ចប់មូលនិធិសហវិនិយោគដើម្បីលើកកម្ពស់ការអនុវត្តន៍សកម្មភាពក្នុងគម្រោងខាស់ និងការយល់ដឹងអំពីផលិតកម្មត្រីចិញ្ចឹមទឹកសាបក្នុងប្រទេសកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានបច្ចេកទេសគម្រោង CAST ប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI-C) លោក អាដូលហ្វូ រូស បានឱ្យដឹងថា កញ្ចប់មូលនិធិនេះបានបង្កើតឡើងដើម្បីគាំទ្រដល់វិស័យវារីវប្បកម្មដើម្បីឱ្យកសិករមានឱកាសទទួលបានអត្ថប្រយោជន៍ជាកញ្ចប់ថវិការដើម្បីជំរុញផលិតភាព និងលទ្ធភាពនៃការចែកចាយរបស់ពួកគេ។

លោកក៏បានបញ្ជាក់ដែរថា ការគាំទ្រថវិការពីគម្រោងខាស់គឺមានចំនួន៦០ភាគរយ នៃការចំណាយសរុបលើការទិញសម្ភារ ឬមធ្យោបាយ ដែលគាំទ្រ នឹងជំរុញឱ្យមានភាពប្រសើរក្នុងអាជីវកម្ម ក៏ដូចជាការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងដំណើរការធ្វើលទ្ធកម្មសម្ភារៈ ដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកចូលរួម និងប្រព័ន្ធទីផ្សារវារីវប្បកម្មទាំងមូល។

លោកថា “កង្វះដើមទុនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍ វិស័យវារីវប្បកម្មនៅកម្ពុជា”។

គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានការឧបត្ថម្ភពីក្រសួងកសិកម្មអាមេរិកដើម្បីបង្កើនផលិតកម្មត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារកម្ពុជា និងអភិវឌ្ឍផ្នែកឧស្សាហកម្មវារីវប្បកម្មប្រកបដោយនិរន្តភាពដែលអនុវត្តដោយសមាគមសណ្ដែកសៀងអាមេរិកជាដៃគូ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here