ការព្យាករណ៍ៈសេដ្ឋកិច្ចកម្ពុជាអាចនឹងអាចងើបឡើងមកវិញក្នុងកំនើន៣,៥ភាគរយ នៅឆ្នាំ២០២១

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងអាចងើបឡើងមកវិញ នៅឆ្នាំ២០២១ ក្នុងអត្រា កំនើន៣,៥ភាគរយ ខណៈស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបន្តរក្សាបានល្អ។ នេះបើយោងតាមរបាយការណ៍សង្ខេបលទ្ធផលការងាររបស់ខ្លួន ប្រចាំឆមាសទី១ និងដាក់ទិសដៅសម្រាប់ការងារឆមាសទី២ ឆ្នាំ២០២០នេះរបស់ធនាគារនៃកម្ពុជា។

របាយការណ៍ខាងលើដែលគេទំព័រCambodiabanknews.com ទទួលបាននៅថ្ងៃទី៩ កក្កដានេះបានឱ្យដឹងថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចកម្ពុជានៅ២០២០ អាចធ្លាក់ចុះដល់ -១,៩ ភាគរយ ប៉ុន្តែអាចងើបឡើងមកវិញនៅឆ្នាំ២០២១ នៅអត្រា ៣,៥ ភាគរយ ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណា ពិភពលោកនៅប្រឈម នឹងភាពមិនច្បាស់លាស់ខ្លាំងពាក់ព័ន្ធនឹងការទប់ស្កាត់នេះ។ នៅចំពោះមុខបញ្ហាទាំងនេះ ធនគារជាតិនៃកម្ពុជានឹងបន្តអនុវត្តវិធានការគាំទ្រតាមការចាំបាច់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល  សំដៅរក្សាស្ថិរភា​ពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។

ទោះជាប្រឈមនឹងផលប៉ះពាល់ទាំងនេះក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុកម្ពុជាបន្តរក្សាបានល្អ។ អតិផរណារួមមានកម្រិតទាបក្នុងអត្រា២,៥ ភាគរយដោ​យសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។

ចំណែកឯទុនបម្រុងអន្តរជាតិបានបន្តកើនឡើង និងអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្របន្ទាប់ប្រមាណ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុ​ងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ទោះបីជាយ៉ាងក៏ដោយ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់៦ភាគរយនៅឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗនឹង ផ្សេងទៀតនឹងមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១។ នេះបើយោងតាមការរបាយការណ៍របស់ធនាគារពិភពលោក ឬWorld Bank (2020 Global Economic Prospects) ដែលគេទំព័រPropertyarea.asiaទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍ 2020 Global Economic Prospects ដែលបោះពុម្ពផ្សាយកាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុត មិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here