ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនឡើងឈានដល់៣៧,៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែ

ដោយៈ សុខុម

ភ្នំពេញ: ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់៣៧,៤ពាន់លានដុល្លារអាមេរិក អំឡុងពេលពីខែមករា  ដល់ខែសីហា ឆ្នាំ២០២២ ដោយសម្រេចបានកំណើន២១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែកញ្ញា បង្ហាញថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បន្ទាប់មកគឺសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅប្រទេសចិន មានដូចជា អង្ករ ចេក ស្វាយ ដំឡូងមី ផលនេសាទ និងសំលៀកបំពាក់ ខណៈកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើនជាវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងចក្រ យានជំនិះ គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិច និងថ្នាំពេទ្យជាដើម។

លោកប៉ែន សុវីជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងនេះមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលទាំង២នេះ សុទ្ធតែបានចូលជាធរមានក្នុងខែមករា ដើមឆ្នាំនេះ បានរួមចំណែកដល់កំណើននេះ។

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា “ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់យើង ហើយទោះបីជាមានផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងនៅតែបន្តកើនឡើងជាលំដាប់”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here