អង់គ្លេសនិងសហភាពអឺរ៉ុបគ្រោងចំណាយ៥០០ពាន់លានដុល្លារសម្រាប់ឧបត្ថម្ភធនថាមពល ខណៈរុស្ស៊ី កាត់ផ្ដាច់ការផ្គត់ផ្គង់

ដោយ៖ សុខុម

ក្រុងឡុងដ៍: ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា បានប្រកាសផែនការឧបត្ថម្ភថាមពល សម្រាប់គ្រួសារពលរដ្ឋ និងអាជីវកម្មនានា តាមបណ្ដារដ្ឋាភិបាលសហភាពអឺរ៉ុប ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនកុំឱ្យជាប់គាំងក្នុងរដូវរងានេះ ខណៈប្រទេសរុស្ស៊ី បានកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាស។

ក្រុមអ្នកវិភាគបានលើកឡើងថា ផែនការរបស់ប្រទេសអង់គ្លេស អាចចំណាយប្រាក់រហូតដល់ទៅ១៧២ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីពេលថ្មីៗនេះប្រទេសអាល្លឺម៉ង់ ប្រទេសអូទ្រីស និងរដ្ឋាភិបាលសហភាពអឺរ៉ុប ផ្សេងទៀតក៏បានប្រកាសផែនការស្រដៀងគ្នានេះដេរ ដោយធ្វើឱ្យទំហំឧត្ថម្ភធនថាមពលសរុប រួមទាំងអង់គ្លេស និងសហភាពអឺរ៉ុប ឈានដល់៥០០ពាន់លានដុល្លារអាមេរិក។

ចាប់ពីខែតុលាតទៅ គ្រួសារធម្មតានៅអង់គ្លេស នឹងត្រូវបង់ថ្លៃថាមពលរបស់ពួកគេមិនលើសពី២.៨៨០ដុល្លារអាមេរិក ឡើយសម្រាប់២ឆ្នាំខាងមុខ។ រដ្ឋាភិបាលអង់គ្លេស ក៏នឹងជួយគាំទ្រដល់អាជីវកម្ម អង្គការសប្បុរសធម៌ និងស្ថាប័នវិស័យសាធារណៈនានាផងដែរ សម្រាប់រយៈពេល៦ខែខាងមុខ ឬ អាចវែងជាងនេះ។

ដោយប្រកាសផែនការនេះនៅក្នុងសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss បានបញ្ជាក់ជាថ្មីម្ដងទៀតថា រដ្ឋាភិបាលនឹងមិនដាក់ចេញរបបពន្ធថ្មីលើប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនថាមពល ដើម្បីប្រមូលលុយយកមកដោះស្រាយសម្រាប់វិធានការនេះឡើយ។

ផ្ទុយទៅវិញ រដ្ឋាភិបាលរបស់លោកស្រីទំនងជានឹងបង្កើនការខ្ចីបុលរបស់រដ្ឋាភិបាល សម្រាប់ផែនការឧបត្ថម្ភធននេះ ដែលបានធ្វើឱ្យបណ្ដាវិនិយោគិនព្រួយបារម្ភថា ហិរញ្ញវត្ថុរបស់ប្រទេសនេះកំពុងស្ថិតនៅលើផ្លូវ ដែលគ្មាននិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here