សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ត្រូវបានអនុម័តទាំងស្រុងដោយគណៈរដ្ឋមន្ត្រី

ដោយ៖ សហការី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០”។

សេចក្ដីព្រាងចុងក្រោយគោលនយោបាយនេះ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នេះរួមមាន១០ផ្នែក (១)ការវិភាគស្ថានភាពកសិកម្ម (២)ចក្ខុវិស័យ (៣)គោលបំណង (៤)គោលដៅ (៥)យុទ្ធសាស្រ្ត និងសកម្មភាពសម្រាប់អនុវត្ត (៦)យន្តការសម្រាប់អនុវត្ត គោលនយោបាយ (៧)ធនធានហិរញ្ញវត្ថុ (៨)ការពិនិត្យតាមដាន និងវាយតម្លៃ (៩)ការគ្រប់គ្រងហានិភ័យ និង(១០)ដែលជាសេចក្តីសន្និដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ឯកសារគោលនយោបាយនេះ ក៏មានភ្ជាប់ជាតារាងឧបសម្ព័ន្ធចំនួន២ ដែលបង្ហាញអំពីសូចនាករគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងម៉ាទ្រីស ស្ដីពីវិធានការគោលនយោបាយជាតិនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ “ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាការសធាត និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរក៖ (១)ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម (២)បង្កើនការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (៣)ជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង(៤)ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here