ស្ថាប័នពីរសហការគ្នាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈនៅរាជធានីភ្នំពេញ

ដោយ: សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ ជូនដល់អាជីវករម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងរាជធានីភ្នំពេញ។

សិក្ខាសាលាផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប និងលោក ហួត ហៃ ភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផាន អូន បានមានប្រសាសន៍ថា វេទិកានេះគឺមានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមជាការផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនជាអាជីវករប្រកបអាជីវកម្ម ក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនិងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ និងយុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។

លោកបានលើកឡើងថា ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្ត រវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោកបន្តថា សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកបដោយសុចរិត និងធ្វើឱ្យការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមធម៌ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ហួត ហៃ បានចាត់ទុកការផ្សព្វផ្សាយច្បាប់ បទបញ្ញតិ្តនិងការអនុវត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនះពិតជាសំខាន់ណាស់ ដើម្បីអោយអ្នកអនុវត្ត និងប្រតិបត្តិករទាំងអស់បានយល់ដឹងកាន់តែច្បាស់ជៀសវាងការប្រព្រឹត្តិណាមួយមានកំហុសដោយអចេតនា ក៏ដូចជាជួយការពាដល់អ្នកប្រើប្រាស់ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងរួមគ្នាលើកកម្ពស់សេដិឋកិច្ចជាតិផងដែរ។

លោកក៏បានជម្រុញអោយមន្រ្តីពាក់ព័ន្ធ និង មន្រ្តីអនុវត្ត បន្តយកចិត្តទុកដាក់ខ្ពស់បំពេញការងារនេះអោយបានសុក្រិត្យ ត្រឹមត្រូវ ក្នុងគោលដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រសិទ្ធភាពការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here