ដោយ៖ សុផារី
ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ១៩៩៤-២០២១ ភាគីអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងទ្វេភាគី ប្រមាណ៦៧០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ២,៦% នៃទំហំហិរញ្ញប្បទានទាំងអស់ ដែលផ្ដល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។
ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទានសហប្រតិបត្តិការ ដែលភាគីអាល្លឺម៉ង់ផ្តល់ដល់កម្ពុជាតាមរយៈគម្រោងថ្នាក់តំបន់ និងសកល ព្រមទាំងតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ផ្តោតចម្បងលើវិស័យអាទិភាពចំនួន៤ គឺ ១-សុខាភិបាល និងគាំពារសង្គម ២. អភិវឌ្ឍន៍ជនបទ ៣. អភិបាលកិច្ច និង ៤. ថាមពល និងអាកាសធាតុ ដែលមាន សង្គតិភាពយ៉ាងល្អប្រសើរទៅនឹងអាទិភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈឆ្នាំ២០៣០ របស់អាល្លឺម៉ង់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលដៅ ចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សានិងឯកភាពទម្រង់ដំណើរការ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ និងត្រៀមលើកសំណើគម្រោងសុំអនុវត្តបន្ត និង/ឬ សំណើគម្រោងថ្មីទៅកាន់ភាគីអាល្លឺម៉ង់ ។
ភាគីកម្ពុជា និងភាគីអាល្លឺម៉ង់បានឯកភាពលើការរៀបចំទម្រង់ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ឆ្នាំ២០២២ នាពេលខាងមុខ ដោយបែងចែកជា២កម្រិត ទី ១-ការពិភាក្សាតាមវិស័យ ដើម្បី ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ក៏ដូចជាលទ្ធផលនៃការអនុវត្តន៍គម្រោងកន្លងមក និងការលើកសំណើគម្រោងថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២ និង ២.ការពិភាក្សាកម្រិតនយោបាយ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើទិដ្ឋភាពនានា ដែល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់៕