រដ្ឋាភិបាលប្រមូលចំណូលថវិការដ្ឋបានប្រមាណ៤ពាន់លានដុល្លារ ស្មើនឹង៧០ភាគរយនៃច្បាប់ថវិកាជាតិ

ដោយៈ សុផារី

ភ្នំពេញៈ រយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន១៦.៤៣០ពាន់លានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ “ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន១៦,៤៣០ពាន់លានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។

ដោយឡែក ចំពោះការអនុវត្តចំណាយថវិកាជាតិ សម្រេចបាន១៥.២៧១ពាន់លានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់។

បើតាមក្រសួងសេដ្ឋកិច្ច ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់ នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ចំពោះសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេ កវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេចបាននូវលទ្ធផល ជាយុទ្ធសាស្ត្រផងដែរ។

ការរៀបចំច្បាប់សំខាន់ៗ ដូចជា “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ (ថ្មី)” ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែល “សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here