ដោយ: លាងហួរ
ភ្នំពេញ: ទស្សនវិស័យទីផ្សារអចលទ្រព្យ លក់រាយរបស់កម្ពុជាកំពុងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ហើយកម្ពុជាជាទីផ្សារដ៏ទាក់ទាញបំផុតមួយ។ នេះបើតាមការលើកឡើងរបស់លោក Edward Lee នាយក ប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group។
ក្រុមហ៊ុន Prince Real Estate ព្រមទាំង សមាគមខ្សែសង្វាក់លក់រាយម៉ាឡេស៊ី(MRCA) និងសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ត្រីភាគីនៅថ្ងៃទី៦ ខែកញ្ញាម្សិលម៉ិញនេះ។
ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំ ប្រតិភូបេសកកម្មពាណិជ្ជកម្មរបស់MRCA នៃសហគ្រិនម៉ាឡេស៊ីចំនួន៦០នាក់ មកពីក្រុមហ៊ុនជាង៤០ ដែលដឹកនាំដោយលោក Dato Vincent Choo ប្រធានរៀបចំបេសកកម្មពាណិជ្ជកម្ម និងជាអនុប្រធាននៃ MRCA នៅសណ្ឋាគារ Raffles Hotel Le Royal។
ក្នុងឱកាសនោះ ក្រុមការងារបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ត្រីភាគីជាមួយ MRCA និងសភាម៉ាឡេស៊ីនៃកម្ពុជា ធ្វើជាសាក្សីដោយ លោកជ័យ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
MoU គ្រោងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសឧស្សាហកម្មលក់រាយ ដោយជួយសម្រួលដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកខ្លួនមកកម្ពុជា។
ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Prince Real Estate ក្នុងការពង្រឹងយុទ្ធសាស្ត្រពង្រីកខ្លួន តាមរយៈការវិនិយោគខាងក្នុង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូរឧស្សាហកម្មលក់រាយនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្តើមពង្រីកខ្លួនជាបណ្តើរៗឡើងវិញ ក្នុងប្រទេសកម្ពុជា ដោយមើលឃើញការវិលត្រឡប់ ទៅរកភាពប្រក្រតីវិញ ក្រោយការបើកដំណើរការសេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំនេះ៕