លោកហុង សុហួរពន្យល់ពីផលចំណេញនិងកម្រិតហានិភ័យនៃមូលបត្រ

 

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានពន្យល់ពីកម្រិតផលចំណេញ ហានិភ័យនៃការវិនិយោគនៅទីផ្សារមូលបត្រកម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៦ កញ្ញាថា យើងគិតថា សេដ្ឋកិច្ចកម្ពុជាយើង រីកចម្រើនដល់កម្រិតមួយនោះហើយ ពិតមែនតែវាមិនទាន់រីកចម្រើនខ្លាំង ដូចប្រទេសជឿនលឿន ប៉ុន្តែកំពុងដំណើរការទៅមុខ ហើយក៏ជាពេល ដែលរាជរដ្ឋាភិបាលចាប់ផ្តើមរៀន កៀរគរ ទុនពីទីផ្សារហិរញ្ញវត្ថុពីសាធារណជនវិញម្តង ពិតមែនតែរាជរដ្ឋាភិបាលមានលទ្ធភាព ទទួលបានទុនពីដៃគូរ ពីប្រទេសជាមិត្តផ្សេងៗ ប៉ុន្តែនេះក៏ជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវធ្វើជំហ៊ានថ្មីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


លោកបន្ថែមថា “បើទោះបីជាមូលបត្ររដ្ឋនេះ ផ្តល់អត្រាការប្រាក់ ឬផលចំណេញទាប ជាងមូលបត្រឯកជនក៏ដោយ ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិន ដោយសារតែមានហានិភ័យទាប ដែលធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្ត”។

លោកហុង សុហួរបានអះអាងថា មូលបត្ររបស់រដ្ឋត្រូវបានចាត់ទុកថា ជាមូលបត្រដែលមានកម្រិតហានិភ័យទាប ឬស្ទើរតែគ្មាន បើធៀបជាមួយមូលបត្រឯកជន ហើយក៏ជាមូលបត្រមានការចាប់អារម្មណ៍ និងមានអ្នកត្រូវការច្រើន។ ហេតុដូច្នេះហើយ អ្នកដែលទិញហើយចង់លក់វិញ នឹងមានភាពងាយស្រួលក្នុងការជួញដូរ។

យោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូង ក្នុងទំហំទឹកប្រាក់ ប្រមាណ២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន១ឆ្នាំ ដោយក្នុងមួយបណ្ណមានតម្លៃ១លានរៀលក្នុងអត្រាគូប៉ុង២%ថេរ ដែលការគិតអត្រាការប្រាក់នេះ នឹងធ្វើឡើងរៀងរាល់៦ខែម្តង។

ចំណែកការដេញថ្លៃ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង២រសៀល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។

ការបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់៣០០លានដុល្លារអាមេរិក មានបីប្រភេទ គឺប្រភេទឥណប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង ប្រភេទឥណប្រតិទាន៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងប្រភេទឥណប្រតិទាន៥ឆ្នាំ បោះផ្សាយចំនួន២ដង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here