អាជ្ញាធរខខេត្ត រៀបចំសោភ័ណភាពនៅតំបន់អភិរ័ក្សបេតិកភ័ណ្ឌ ក្នុងក្រុងបាត់ដំបង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងស្នើឲ្យប្រជាពលរដ្ឋក្នុង

ក្រុង រៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង ពិសេស តំបន់អភិរ័ក្សសំណង់បេតិកភ័ណ្ឌក្នុងទីក្រុង។

អភិបាលខេត្តបាត់ដំបង លោកសុខ លូ អភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង ដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណង នៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការកាត់សំយ៉ាបមុខផ្ទះ ឬផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ និងការលាបថ្នាំពណ៌ផ្ទះជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសហការរៀបចំការកាត់សំយ៉ាបផ្ទះ ការកាត់ផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗនៅមុខផ្ទះ ដែលនេះគឺជាមោទនភាពមួយ ដែលប្រជាពលរដ្ឋចូលរួមយ៉ាងដូច្នេះ ហើយក៏បានធ្វើការរៀបចំសាងសង់សំយ៉ាបផ្ទះថ្មី ដែលស្របតាមគោលការណ៍ប្លង់រួមមួយ ដែលរដ្ឋបាលខេត្តបានកំណត់ផងដែរ។

ចំណែកឯផ្លូវឡាអេ និងផ្លូវព្រះវិហារក៏មានការរៀបចំសំយ៉ាប រៀបចំសណ្ដាប់ធ្នាប់ដូចគ្នាដែរ ។ ចំពោះការសាងសង់សំយ៉ាបថ្មីនេះ គឺមិនមានការបង្ខិតបង្ខំឡើយ ពោលគឺប្រជាពលរដ្ឋអាចធ្វើក៏បាន មិនធ្វើក៏បាន ហើយចំពោះប្រជាពលរដ្ឋ ដែលសាងសង់សំយ៉ាបថ្មីនេះ គឺមិនអាចឱ្យអ្នកណាលើសអ្នកណាឡើយ គឺត្រូវមានប្រវែងស្មើៗគ្នា និងប្រកបដោយភាពរឹងមាំ មានប្រក់ក្បឿងដូចគ្នា។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានខិតខំយ៉ាងខ្លាំង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឱ្យកាន់តែមានរបៀបរៀប​រយ ក្នុងនោះការរៀបចំទុកដាក់សំរាម ការប្រមូលជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថាដែលនៅតាមសាធារណៈ ការកាត់ដើមឈើក្នុងក្រុងគ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងក្រុង ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្ត ក្នុងការចេះទុកដាក់រៀបចំសំរាមរបស់ខ្លួន ពិសេសចូលរួមក្នុងការបង់ថ្លៃជូនដល់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការទិញជារថយន្តបន្ថែម ឬឧបករណ៍ ឬមានបុគ្គលិកសម្អាតកាន់តែច្រើន និងធ្វើការប្រមូលសំរាមឱ្យកាន់តែឆាប់រហ័សជាងមុន។

ចំពោះផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់អភិរក្ស គឺត្រូវធ្វើការលាបពណ៌ផ្ទះរបស់ខ្លួន តាមការកំណត់ពណ៌របស់រដ្ឋបាលខេត្ត ហើយសម្រាប់ផ្ទះ ប្រជាពលរដ្ឋដែលស្ថិតនៅលើផ្លូវលេខ១ និងលេខ៣ គឺអាចលាបពណ៌តាមចំណង់ចំណូលចិត្តបាន ក៏ប៉ុន្តែមុននឹងធ្វើការលាបត្រូវស្នើសុំដល់អាជ្ញាធរមុនសិន ដើម្បីឱ្យអាជ្ញាធរពិនិត្យជាមុនសិន។

លោកសុខ លូបានបន្តថា នៅថ្ងៃខាងមុខទៀតនេះ រដ្ឋបាលខេត្តនឹងបន្តរៀបចំចំណីផ្លូវ សម្រាប់អ្នកដំណើរថ្មើជើងឱ្យងាយស្រួលដើរ ដោយមានក្រាលជាថ្មក្រានីត ដែលមានកម្ពស់ស្មើៗគ្នា ក្នុងនោះរដ្ឋបាលខេត្តនឹងស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់ថ្មក្រានីត ដែលព្រមលក់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃទាបជាងទីផ្សារ សម្រាប់ឱ្យប្រជាពលរដ្ឋ ជាវយកទៅប្រើប្រាស់ស្ថិតក្នុងតម្លៃទទួលយកបាន ។

លោកបញ្ជាក់ទៀតថា ដើម្បីជាការឆ្លើយតបចំពោះប្រជាពលរដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការអ៊ុតកៅស៊ូប្រភេទប៉េទីម ទាំងអស់សម្រាប់តំបន់អភិរក្ស ជូន​ដល់ប្រជាពលរដ្ឋប្រើប្រាស់ បន្ទាប់ពីបញ្ចប់រដូវវស្សារួច និងបន្ទាប់ពីគម្រោ​ងជីកលូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADB ធ្វើការជីករួចរាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here