អ៉ីតាលី ប្រឈមវិបត្តិចំណាយលើការនាំចូលថាមពលរហូតដល់ ១០០ពាន់លានដុល្លារ

ដោយៈ សុខុម

អ៉ីតាលី: ការចំណាយសុទ្ធលើការនាំចូលថាមពល របស់ប្រទេសអ៉ីតាលី ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប អាចនឹងកើនឡើងលើសទ្វេដងនៅឆ្នាំនេះ រហូតដល់ប្រមាណ៩៩,៥ពាន់លានដុល្លារអាមេរិក ខណៈសហភាពអឺរ៉ុប កំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច ប្រទេសអ៉ីតាលី បានព្រមានថា រដ្ឋាភិបាលទីក្រុងរ៉ូម មិនអាចចំណាយដោយគ្មានដែនកំណត់ ដើម្បីសម្រាលផលប៉ះពាល់មកលើសេដ្ឋកិច្ចបានឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា។

ប្រទេសអ៉ីតាលី ពឹងផ្អែកលើការនាំចូល រហូតដល់ទៅ៣ភាគ៤នៃការប្រើប្រាស់ថាមពលរបស់ខ្លួន។ ដូចនេះប្រទេសនេះ ប្រឈមនឹងភាពងាយរងគ្រោះកាន់តែខ្លាំង ខណៈបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបផ្សេងទៀត កំពុងតែជួបវិបត្តិថាមពលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងទៅកាន់វេទិកាធុរកិច្ចប្រចាំឆ្នាំ Ambrosetti កាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៉ីតាលី លោក Daniele Franco លើកឡើងថា អត្រាបំណុលដ៏ខ្ពស់របស់ប្រទេសអ៉ីតាលី បានកាត់បន្ថយឱកាសរបស់ប្រទេសនេះ ក្នុងការបោះជំហានឆ្ពោះទៅមុខ។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា វិធានការនានាដើម្បីជួយដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ដោះស្រាយបញ្ហា ថាមពលហក់ឡើងថ្លៃកាន់តែខ្ពស់ នឹងត្រួវអនុម័តនៅសប្ដាហ៍ទី២នេះ ក្រោយពីបានផ្ដល់កញ្ចប់ជំនួយចំនួន៦លើកគិតជាទំហំ ទឹកប្រាក់សរុប៥២ពាន់លានដុល្លារអាមេរិក មកទល់ពេលនេះ។

លោកគូសបញ្ជាក់ថា វាពិតជាសំខាន់ណាស់ ដែលត្រូវដោះស្រាយដំណើរប្រព្រឹត្តទៅ នៃទីផ្សារថាមពលរបស់សហភាពអឺរ៉ុប ដែលការហក់ឡើងថ្លៃឧស្ម័នហ្គាស ស្របពេលការនាំចេញរបស់រុស្ស៊ី កាន់តែធ្លាក់ចុះ បានធ្វើឱ្យថ្លៃថាមពលហក់ឡើងថ្លៃកាន់តែខ្ពស់ទៅៗ។

លោកថ្លែងថា “អ្វីដែលសំខាន់ គឺត្រូវធ្វើឱ្យតម្លៃឧស្ម័នហ្គាស និងថាមពលវិលត្រលប់មកកម្រិត ប្រកបដោយនិរន្តរភាពឡើងវិញ”។

រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ផលចំណាយសុទ្ធ លើការនាំចូលថាមពលរបស់អ៉ីតាលី ក្នុងឆ្នាំ២០២១ មានទំហ៤៣ពាន់លានដុល្លារអាមេរិក ប៉ុន្តែឆ្នាំនេះ អាចនឹងកើនឡើងរហូត ដល់ប្រមាណ១០០ពាន់លានដុល្លារ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here