មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មស្នើសុំជំនួយពីADBដើម្បីពង្រឹង ធុរកិច្ចឌីជីថល

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុង​គោលដៅ​ពង្រឹង​វិស័យ​ធុរកិច្ច​ឌីជីថល។

​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា​ផ្នែក​នេះ​ទទួលស្គាល់ថា កម្ពុជា​នៅមាន​កង្វះខាត​នៅឡើយ​។

លោកសុខ សុភ័ក្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកសំណើរនេះឡើង ​ក្នុងឱកាស​វេទិកា​លើក​ទី​១០ ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សហការ​រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គណៈកម្មការ​សេដ្ឋកិច្ច ​និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​ ដើម្បី​អាស៊ី​និង​ប៉ាស៊ីហ្វិក (UN-ESCAP) និង​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​សិង្ហ​បុរី ពីថ្ងៃ​ទី​ ២៩ ខែសីហា ដល់​ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ​ ២០២២​។ នេះ​បើតាម​ការប្រកាស​ឱ្យដឹងពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួប​ទ្វេភាគីរវាង ​ប្រធាន​ក្រុម​សេដ្ឋវិទូ​ប្រចាំ​ធនាគារ ADB លោក​Albert Park ដើម្បី​ផ្លាស់ប្ដូរ​យោបល់​លើ​វឌ្ឍនភាព​ថ្មីៗ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា លោក​ សុខ សុភ័ក្ត្រ បានស្នើ​ទៅកាន់ ADB ឱ្យ​ពិចារណា​ផ្តល់ជំនួយ​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ​និង​បច្ចេកទេស ដើម្បី​បម្រើ​សក​ម្ម​ភាព​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងនោះ​ផ្តោត​ជាពិសេស​លើ​វិស័យ​ធុរកិច្ច​ឌីជីថល​។​

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបង្ហើបឲ្យដឹងថា បញ្ហា

ប្រឈម​របស់​កម្ពុជា​រួមមាន ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ដ្រ​សម្រាប់​ការស្ដារ​ឡើងវិញ ​នូវ​ខ្សែ​ច្រវាក់​តម្លៃ ​និង​ការផ្គត់ផ្គង់​ក្នុង​តំបន់​និង​សកល ការរៀបចំ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន និង​ទំនាក់ទំនង (ICT) សម្រាប់​ការគាំទ្រ​សមាហរណកម្ម​ឌីជីថល និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការពង្រឹង​សមត្ថភាព​និង​ជំនាញ ​ក្នុង​ការចរចា​ពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ដ្រី​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​បណ្ដុះបណ្ដា​ល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) នៃ​ក្រសួងពាណិជ្ជកម្ម​។

ជាមួយគ្នានេះ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​ម្ម​បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB តែងមាន​គម្រោង​បច្ចេកទេស​មួយចំនួន​ជួយ​ដល់​កម្ពុជា ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ហើយ​កម្ពុជា​ស្នើសុំ​ជំនួយ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។​

លោកបន្តថា សព្វថ្ងៃ យើង​ស្នើសុំ​ជំនួយ​ពីADB ហ្នឹង ព្រោះ​ប្រទេស​យើង​កំពុង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។ ដោយឡែក ក្រសួងពាណិជ្ជកម្ម​ក៏​នឹង​អនុវត្ត​គម្រោង​មួយ ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ការទូត​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​ការរៀប​ចំប​ណ្តុះ​បណ្តាល​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដល់​សហគ្រាស​តូច និង​មធ្យមជាដើម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here