ដោយៈ សុខុម
ក្រុងឡុងដ៍: ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ហៅកាត់ G7 កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា បានព្រមព្រៀងគ្នាកំណត់តម្លៃ លើប្រេងរុស្ស៊ី ដើម្បីកាត់បន្ថយលទ្ធភាពរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅក្នុងការផ្តល់លុយធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ដោយមិនធ្វើឱ្យអតិផរណាទូទាំងពិភពលោកហក់ឡើងបន្ថែមទៀត។
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស បានលើកឡើងថា ពួកគេនឹងហាមឃាត់ការផ្តល់ “សេវាកម្មអនុញ្ញាតការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងកាតរុស្ស៊ី តាមផ្លូវសមុទ្រទូទាំងពិភពលោក” ដែលលើសពីតម្លៃកំណត់។
គេជឿថា វិធានការនេះ នឹងអាចរារាំងការធានារ៉ាប់រង ឬហិរញ្ញវត្ថុដែលផ្ដល់សម្រាប់ការដឹកជញ្ជូនប្រេង។
រដ្ឋមន្ត្រីនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមថា តម្លៃអតិបរមា នឹងត្រូវបានកំណត់ដោយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ហើយវិធានការកំណត់តម្លៃនេះ នឹងចូលជាធរមានរួមជាមួយ នឹងទណ្ឌកម្មក្រោយៗទៀតរបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលទាំងបម្រាម លើការនាំចូលប្រេងរុស្ស៊ី តាមផ្លូវសមុទ្រដោយចាប់ផ្តើមពីខែធ្នូ ខាងមុខផងដែរ។
ជាការឆ្លើយតប ប្រទេសរុស្ស៊ី បានគំរាមរួចហើយថា ខ្លួននឹងធ្វើការសងសឹកវិញ តាមរយៈការដាក់បម្រាមនាំចេញប្រេង ទៅកាន់បណ្ដាប្រទេសដែលអនុវត្តន៍ការកំណត់តម្លៃខាងលើនេះ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ថា “យើងនឹងមិនផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងកាត ដល់បណ្ដាក្រុមហ៊ុន ឬបណ្ដារដ្ឋដែលដាក់កំហិតលើតម្លៃបែបនេះឡើយ”។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS៕ CNN៕