ប្រធានCVEAថា វិនិយោគិនកម្ពុជាដើរតួសំខាន់ក្នុងការបង្ហាញតថភាពនិងភាពរីកចម្រើននៅកម្ពុជាដល់វិនិយោគិនបរទេស

ដោយៈ សុផារី

ភ្នំពេញៈ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា (CVEA) បានចាត់ទុកអ្នកវិនិយោគក្នុងស្រុក គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីបង្ហាញតថភាពជាក់ស្ដែង ក៏ដូចជាការអភិវឌ្ឍ និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិនបរទេស ហើយកៀរគរពួកគេមកធ្វើការវិនិយោគនៅកម្ពុជា តាមរយៈការធ្វើដំណើរ និងចូលរួមកម្មវិធីផ្សេងៗច្រើននៅក្រៅប្រទេស។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងវេទិកាស្ដីពីឱកាស នៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា និងឱកាសវិនិយោគនៅអាមេរិក ដែលបានអញ្ជើញអ្នកជំនាញ៤រូប មកពីសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក (NAR) ធ្វើជាវាគ្មិន នៅថ្ងៃទី១ ខែកញ្ញាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា “នៅពេលប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកវិនិយោគ ធ្វើដំណើរក្រៅប្រទេសច្រើន នឹងបង្កើតឲ្យមានឱកាសផ្សព្វផ្សាយពីប្រទេសរបស់ខ្លួនច្រើន តាមរយៈការស្គាល់គ្នាជាមិត្តភក្តិ ឬជាដៃគូវិនិយោគ”។

ជាក់ស្ដែងនៅសមាគម NAR ដែលមានសមាជិកជាង៧០ប្រទេសលើពិភពលោក ប្រសិនបើអ្នកវិនិយោគកម្ពុជា បានចូលរួមនឹងបង្កើតនូវទំនាក់ទំនងច្រើន ក៏ដូចជាការផ្ដល់នូវប្រឹក្សាយោបល់ផ្សេងៗ ដោយការផ្ដល់នូវសារពិតពីការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។

លោកច្រឹក សុខនីម បន្ដថា ពីមុនកម្ពុជា តាមយន្ដការសារព័ត៌មានមួយចំនួន យើងទទួលបាននូវភាពមិនសូវច្បាស់លាស់ ទៅលើទីផ្សារពិភពលោក។ នៅពេលវិនិយោគិនរបស់យើង ទៅកាន់ពិភពលោក យើងបាននាំយកពីតថភាព និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ទោះបីការរីកចម្រើ​នក្នុងកម្រិតណាមួយក្ដី តែយើងរីកចម្រើនទៅដោយការគិតគូរ និងយូរអង្វែរ ពីព្រោះយន្ដការ ក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលមួយជំហានៗ។

លោកបន្តថា “ខ្ញុំមើលឃើញថា មានភាពច្បាស់លាស់ រឹងមាំ ហើយអាចទទួលយកបាន ទោះបីជាយើងទទួលរងនូវផលប៉ះពាល់ខ្លះ នៃការអភិ​វឌ្ឍ តែភាពធំទូលំទូលាយនោះ គឺយើងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ”។

បន្ថែមលើការជំរុញការផ្សព្វផ្សាយ ពីសក្ដានុពលជាតិ ពិសេសលើវិស័យអចលនទ្រព្យ ប្រធានសមាមគខាងលើ ក៏បានលើកទឹកចិត្តឲ្យមានការវិនិ​យោគក្រៅប្រទេសផងដែរ ដោយសារតាមតួលេខចុងក្រោយ លោកសង្កេតឃើញមានវិនិយោគិនកម្ពុជា បានធ្វើការវិនិយោគលើវិស័យអចលនទ្រព្យច្រើន នៅក្រៅប្រទេសច្រើន ភាគច្រើននៅថៃ និងជប៉ុន។

ក្នុងទំនាក់ទំនង រវាង CVEA និងNAR ពេលនេះ លោករំពឹងថា នឹងក្លាយជាការបើកច្រកផ្លូវមួយ សម្រាប់ផ្ដល់អត្ថប្រយោជន៍ សម្រាប់វិនិយោ​គិនកម្ពុជា ដែលមានបំណងធ្វើការវិនិយោគនៅអាមេរិក តាមគម្រោងនិងទម្រង់ផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here