សមាគមមីក្រូហិរញ្ញវត្ថុស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់កម្ចីពី មីក្រូហិរញ្ញវត្ថុស្របច្បាប់

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញឱ្យពលរដ្ឋដែលមានតម្រូវការកម្ចី គួរប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំមានបញ្ហា ឬការគំរាមកំហែងផ្សេងៗ។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងីបានបង្ហាញការគាំទ្រ ចំពោះការប្រកាសរបស់ធនាគារជាតិ ដែលបានក្រើនរំលឹកពលរដ្ឋឱ្យជៀសវាងកម្ចីផ្លូវការ ឬកម្ចីតាមអនឡាញ ព្រោះកម្ចីខុសច្បាប់ទាំងនេះ បង្កផលប៉ះពាល់យ៉ាងច្រើនដល់ពលរដ្ឋ ដោយសារតែកម្ចីបែបនេះ បានយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ហើយការផ្តល់ឥណទានធ្វើឡើងដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ ពីផលប៉ះពាល់របស់អតិថិជនឡើយ។

លោកបន្តថា “មិនតែប៉ុណ្ណោះ នៅពេលអតិថិជនគ្មានលទ្ធភាពសង ពួកគេអាចនឹងប្រព្រឹត្តិអំពើអសីលធម៌ផ្សេងៗ ដូចជាការបរិហារផ្សេងៗ ការបង្ខិតបង្ខំ ការរឹបអូសទ្រព្យសម្បត្តិជាដើម”។ លោកបន្ថែមថា “លើសពីនេះទៅទៀត សូម្បីតែបងប្អូន មិត្តភក្តិរបស់អ្នកទទួលកម្ចី ក៏រងការគំរាមកំហែងផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីពេលថ្មីៗ មានពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌ.ក ដោយសារតែកម្ចីទាំងនោះមានអត្រាការប្រាក់ខ្ពស់។ ជាមួយគ្នានេះ ក៏មានករណីអ្នកផ្តល់កម្ចី តាមអនឡាញមួយចំនួន បានបង្ហោះទារប្រាក់ពីអ្នកខ្ចីបំណុលរបស់ខ្លួន។ ចំណែកបងប្អូន សាច់ញាតិ និងមិត្តភក្តិរបស់កូនបំណុលខ្លះ ក៏ត្រូវម្ចាស់កម្ចីទាំងនោះហៅទូរសព្ទ ឬទាក់ទងតាមបណ្តាញសង្គម រំខាន និងគំរាមកំហែងផងដែរ។

លោកកាំង តុងងីបានបន្តថា សមាគមមីក្រូហិរញ្ញវត្ថុ ក៏សូមអំពាវនាវដល់សាធារណជន និងបងប្អូនទូទៅ ប្រសិនបើមានតម្រូវការកម្ចី សូមងាកទៅប្រើប្រាស់កម្ចីពីគ្រឹះស្ថានផ្លូវការ ដែលមានអាជ្ញាប័ណ្ណ។ ទោះបីជាពេលខ្លះ ត្រូវការពេលវេលា ឯកសារអីបន្តិចមែន តែវាជាយន្តការមួយដើម្បីការពារបងប្អូន ពីព្រោះគ្រឹះស្ថានត្រូវធានាបានថា បងប្អូនយកកម្ចីទៅប្រើប្រាស់ចំគោលដៅ វាជួយឱ្យជីវភាពបងប្អូនរីកចម្រើន បន្ទាប់ពីប្រាស់ប្រាស់កម្ចី។ ហេតុនេះហើយ បានជាយើងត្រូវការសិក្សាស៊ីជម្រៅ ជាងកម្ចីក្រៅផ្លូវការដែលគេមិនខ្វល់ថាបងប្អូនយកទៅធ្វើអី គឺវាស្រួលតែពេលហ្នឹងទេ តែពេលមានរឿងរ៉ាវកើតឡើងមានការបង្ខិតបង្ខំ ហើយពេលខ្វះមានការបង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិ ឬផ្ទេរទ្រព្យសម្បត្តិទៅឱ្យម្ចាស់កម្ចីជាដើម។

ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ តែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្ដល់ឥណទានជូនប្រជាពលរដ្ឋ និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ព្រោះអតិថិជនរបស់គ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយចំនួន បាន​ផ្សព្វផ្សាយ​យ៉ាងបើកចំហ ដោយផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយ​តាមទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេ​សច្បាប់​ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here