ធនាគារអភិវឌ្ឍន៍ជនបទបានទទួលពាក្យសុំខ្ចីឥណទាន៣៧លានដុល្លារអាមេរិកពី គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ដោយ៖ មនុប៊ី

កំពតៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីជាច្រើនក្នុងទំហំទឹកប្រាក់ ដែលត្រូវស្នើសុំសរុបចំនួនជាង៣៧លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោក កៅ ថាច ក្នុងផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាក្នុងខេត្តកំពត កាលពីម្សិលមិញបានថ្លែងថា គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកៅ ថាច បានថ្លែងថា “គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួនជាង៣៥០ពាក្យ ក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិកនេះ”។

លោកបន្តស្នើសុំ និងលើកទឹកចិត្តដល់បងប្អូន រួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះ លោកអគ្គនាយកបានស្នើសុំអោយអាជ្ញាធរ មូលដ្ឋាន ជួយបន្តផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានពិសេសនេះ អោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាប ដើម្បីអោយបងប្អូនមានឱកាស អាចទទួលបានឥណទានពីក្នុងកម្មវិធីពិសេសនេះផងដែរ។

ជាមួយគ្នានេះ លោកកៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួនអំពីការដាំដុះ ការប្រមូលផល ការចញ្ចឹមត្រី និងព័ត៍មានទីផ្សារជូនដល់បងប្អូន ដើម្បីជាចំនេះដឹងថ្មី និងទុកសម្រាប់ជាមូលដ្ឋានសម្រាប់ធ្វើការពិចារណា ក្នុងការពង្រីកអាជីវកម្មរបស់បងប្អូន។

ភ្ជាប់ជាមួយនេះលោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ដែលបានជួយសម្របសម្រួ​លរៀបចំកិច្ចប្រជុំផ្សព្វផ្សា យនូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោ​​មកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here