ចិនបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនកំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដល់ការកសាងហេដ្ឋារចនសម្ព័ន្ធ ចំពេលមានកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីជំរុញតម្រូវការក្នុងស្រុក និងរក្សានិរន្តរភាព នៃសន្ទុះសេដ្ឋកិច្ច។

ការផ្លាស់ប្តូរថ្មីបានកើតឡើងនៅពេលដែលកិច្ចប្រជុំប្រតិបត្តិក្រុមប្រឹក្សារដ្ឋបានប្រកាសកាលពីសប្តាហ៍មុនថា កូតាឧបករណ៍ហិរញ្ញវត្ថុ ដែលគាំទ្រដោយគោលនយោបាយ និងការអភិវឌ្ឍន៍ នឹងត្រូវបានបង្កើន៣០០ពាន់លានយ័នបន្ថែមទៀត (ប្រហែល៤៣,៦ពាន់លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យកាន់តែប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក ទឹកប្រាក់សរុបចំនួន៣០០ពាន់លានយ័នត្រូវបានបែងចែករួចហើយ តាមរយៈការផ្តល់មូលនិធិចំនួនពីរ ដែលដំណើរការដោយធនាគារអភិវឌ្ឍន៍ចិន (CDB) និងធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន (ADBC) រៀងៗខ្លួន។

លោក Zhang Hui  អនុប្រធានប្រតិបត្តិ នៃធនាគារCDB បាននិយាយថា មូលនិធិខាងលើដែលគ្រប់គ្រងដោយធនាគារគោលនយោបាយ បានមកពីប្រភពជាច្រើន រួមទាំងការចេញមូលបត្របំណុលហិរញ្ញវត្ថុផងដែរ។

លោក Zhang បានបន្តថាមូលនិធិនេះរួមចំណែក៥០ភាគរយ ដល់មូលដ្ឋានដើមទុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ខណៈដែលនៅសល់ត្រូវបានផ្តល់ហិរញ្ញប្បទានដោយអ្នកផ្តួចផ្តើមគម្រោង និងមូលធនសង្គម។

លោក Li Feng ប្រធានក្រុមហ៊ុនសំណង់ពាក់ព័ន្ធ បាននិយាយថា ភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់យើងនៅ ក្នុងដំណាក់កាលដំបូង បានធូរស្រាលយ៉ាងខ្លាំង ក្រោយពីទទួលបានថវិកាចំនួន១,៨ពាន់លានយន់ពីមូលនិធិធនាគារ CDB។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅខែក្រោយនេះ។

ចំណែកខាងធនាគារ ADBC   បាននិយាយថា មូលនិធិរបស់ខ្លួនបានជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាង៥០០ រាប់ចាប់ពីការសាងសង់ទីក្រុង និងការដឹកជញ្ជូនដល់វិស័យកសិកម្ម និងថាមពល។     បើយោងតាមធនាគារADBC មូលនិធិនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងជំរុញដល់ការវិនិយោគសរុបលើសពី១ពាន់ពាន់លានយ័ន ទៅក្នុងគម្រោងទាំងនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here