ដោយ: លាងហួរ
ហ្សាកាតា: ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានដាក់ឱ្យដំណើរការនូវលេខកូដឆ្លើយតបរហ័សអន្តរជាតិ Indonesian Standard (QRIS) ដែលនឹងភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនទៅកាន់ប្រទេសនានានៅទូទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ប្រព័ន្ធទូទាត់នេះបង្កើតឡើង ដោយធនាគារកណ្តាលឥណ្ឌូណេស៊ី Bank Indonesia ដែលលេខកូដអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពីសេវាទូទាត់មួយក្នុងប្រទេស ដើម្បីផ្ទេរប្រាក់ទៅកាន់សេវាទូទាត់ណាមួយ នៅក្នុងអាស៊ាន និងផ្ទេរមកឥណ្ឌូណេស៊ីវិញ។
លោក Widodo បាននិយាយនៅក្នុងពិធីសម្ពោធ ដែលត្រូវបានចាក់ផ្សាយដោយការិយាល័យលេខាធិការដ្ឋានប្រធានាធិបតីថា “ប្រព័ន្ធដែលបានធ្វើឱ្យប្រសើរឡើងនេះ បង្ហាញថាប្រទេសរបស់យើងអាចសម្របខ្លួនទៅនឹងសេដ្ឋកិច្ចឌីជីថល ហើយយើងមិននៅឆ្ងាយពីប្រទេសដទៃទៀតទេ”។
លោកមានសុទិដ្ឋិនិយមថា QRIS អន្តរជាតិនឹងអាចបង្កើនប្រសិទ្ធភាពចំណាយ សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងវិស័យទេសចរណ៍ ដើម្បីផលិតទំនិញ និងសេវាកម្មជាមួយនឹងតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
ទេសាភិបាលធនាគារឥណ្ឌូនេស៊ីលោក Perry Warjiyo បាននិយាយថា ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេដែលប្រព័ន្ធទូទាត់ត្រូវបានភ្ជាប់ យ៉ាងពេញលេញជាមួយ QRIS ហើយប្រទេសម៉ាឡេស៊ី សឹង្ហបូរី និងហ្វីលីពីន បានប្តេជ្ញាអនុវត្តតាមនាពេលខាងមុខ៕