រដ្ឋាភិបាលកូរ៉េខាងត្បូងស្នើសុំថវិកាចំនួន៤៧៥ពាន់លានដុល្លារ សម្រាប់ ឆ្នាំ២០២៣

ដោយ: លាងហួរ

សេអ៊ូល: នៅថ្ងៃអង្គារ ទី៣០ ខែសីហានេះប្រទេសកូរ៉េខាងត្បូងបានស្នើសុំថវិកាចំនួន៦៣៩ពាន់ពាន់លានវ៉ុន (៤៧៥,២ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៣។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានXinhuaនាថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ។

ថវិកាដែលបានស្នើឡើងត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថវិកាសម្រាប់ឆ្នាំ២០២៣ បានកើនឡើង៥,២ភាគរយ ពីថវិកាឆ្នាំ២០២២ចំនួន ៦០៧,៧ពាន់ពាន់លានវ៉ុន (៤៥២ពាន់លានដុល្លារអាមេរិក) ដែលជាការកើនឡើងទាបបំផុត ក្នុងរយៈពេលប្រាំមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៧។

សំណើថវិកាឆ្នាំ២០២៣នេះ បានធ្លាក់ចុះ៦ភាគរយ ធៀបនឹងការចំណាយលើសារពើពន្ធសរុប​ ក្នុងឆ្នាំ២០២២ ដែលមានចំនួន៦៧៩,៥ពាន់ពាន់លានវ៉ុន(៥០៥,៤ពាន់លានដុល្លារអាមេរិក) រួមទាំងថវិកាបន្ថែមចំនួនពីរទៀតក្នុងឆ្នាំ២០២២។

សំណើ ថវិកា ត្រូវ បាន គេ គ្រោង នឹង ដាក់ នៅ ថ្ងៃ សុក្រ នេះ ទៅ រដ្ឋសភា ដើម្បី អនុម័ត។

រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា បានប្តេជ្ញាអនុម័តគោលនយោបាយកាត់បន្ថយថវិកា ក្រោយពីរដ្ឋាភិបាលលោកMoon Jae-in បានចំណាយថវិកាយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩។

សម្រាប់គោលនយោបាយកាត់បន្ថយថវិកានេះ រដ្ឋាភិបាលលោកYoon នឹងកាត់បន្ថយការចំណាយសារពើពន្ធ មិនមែនស្នូលចំនួន២៤ពាន់ពាន់លានវ៉ុន (១៧,៨ពាន់លានដុល្លារ)នៅឆ្នាំក្រោយ។

បំណុលជាតិរបស់ប្រទេសនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់១១៣៤,៨ពាន់ពាន់លានវ៉ុន (៨៤៤ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៣ពី១០៦៨,៨ពាន់ពាន់លានវ៉ុន (៧៩៤,៩ពាន់លានដុល្លារ)ក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here