ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានឈានដល់ជិត៥៤៥ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង

ដោយៈ លាងហួរ

ប៉េកាំងៈ មន្ត្រីផ្នែកពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន អស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃទី៣០ ​ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានឈានដល់ទំហំ៥៤៤,៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Li Fei ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងចំនួន១៣,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង១៥ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនចិនបាន និងកំពុងមានការរីកចម្រើនឥតឈប់ឈរ ក្នុងការចុះកិច្ចសន្យាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងបណ្តាប្រទេសអាស៊ាន ជាមួយនឹងទំហំទឹកប្រាក់សរុបជាង៣៨០ពាន់លានដុល្លារអាមេរិកនៅចុងខែកក្កដា។

លោក Li បាននិយាយថា ប្រទេសចិននឹងដាក់ចេញនូវវិធានការនានា រួមមាន ការតភ្ជាប់ពាណិជ្ជកម្មតាមអ៊ីនធឺណិត និងក្រៅបណ្តាញ និងសេវាកម្មសម្របសម្រួលការវិនិយោគ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ចំពេលពិព័រណ៍ចិន-អាស៊ានលើកទី១៩នាពេលខាងមុខនេះ។

វិធានការអនុគ្រោះក្នុងវិស័យនានា រួមមាន ការបោសសំអាតគយ ការដឹកជញ្ជូន ការទិញ និងសេវាមិនបង់ពន្ធ នឹងត្រូវបានផ្តល់ជូនសម្រាប់ទំនិញ ដែលត្រូវដាក់តាំងបង្ហាញពីបណ្តាប្រទេសអាស៊ាន។ ពិព័រណ៍ចិន-អាស៊ានលើកទី១៩នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ខែកញ្ញា នៅទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ីភាគខាងត្បូងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here