ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងជារឿយៗ លើមូលដ្ឋានជាច្រើន ដើម្បីសម្រេចបានជោគជ័យលើវិស័យអចលនទ្រព្យ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បាមមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗថា ការចាប់ផ្តើមជីវិតអាជីវកម្មលើវិស័យអចលនទ្រព្យ មិនមែនជារឿងងាយស្រួលពេកទេ ក្នុងការធ្វើឱ្យសម្រេចបានជោគជ័យលើវិស័យនេះ ប៉ុន្តែលោកបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន៣ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើង នៅក្នុងវិស័យអចលនទ្រព្យមកដល់សព្វថ្ងៃនេះ។
គន្លឹះសំខាន់ៗទាំងនោះ ដែលគួរសិក្សា និងពិចារណារួមមានដូចជា
១.ធ្វើអ្វីគិតពីគុណភាពខ្ពស់
នៅក្នុងវិស័យអចលនទ្រព្យ មានផ្នែកជាច្រើនខុសៗគ្នា។ ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ គឺចាំបាច់ត្រូវគិតជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរប្រតិបត្តិការ ទៅលើការទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ ដ៏ស្ទាត់ជំនាញនៅក្នុងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចៀសបាននូវហានិភ័យចំពោះមុខចំពោះអតិថិជន។
ហេតុនេះ បើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យ អ្វីត្រូវគិតជាមុននោះ ទើបកសាងការទំនាក់ទំនង ដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។
២.សេវាកម្មល្អ
មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ មិនចាំបាច់ប្រើដើមទុននោះទេ សំខាន់ត្រង់ថា យើងស្រលាញ់ការងារនេះ ធ្វើចេញពីចិត្ត ពីបេះដូង អត់ធ្មត់តស៊ូជាមួយការងារ នោះជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
លោកឧកញ៉ាចេង ខេងបានប្រាប់ថា មានមនុស្សជាច្រើននាក់មកហើយ ដែលមានលុយរាប់លានដុល្លារ រកស៊ីក្នុងវិស័យនេះទទួលនូវភាពបរាជ័យ។ ដោយសារតែពួកគេទាំងអស់នោះធ្វើតាមគេ ឃើញគេបើកអាជីវកម្ម បម្រើសេវាកម្មដីធ្លីក៏បើកតាមគេ ដោយមិនបានសិក្សាច្បាស់លាស់ ហើយក៏មិនដាក់ចិត្តធ្វើចេញពីបេះដូងពិតប្រាកដដែរ។
លោកបញ្ជាក់ថា កាលពីលោកបើកជំនួញ សេវាកម្មអចលនទ្រព្យមួយនេះ លោកគ្មានលុយ គ្មានធនធានមនុស្សគ្រប់គ្រាន់ទេ ប៉ុន្តែដោយសារការស្រលាញ់ពេញចិត្ត និងការតាំងចិត្តខ្ពស់របស់គាត់ ទើបធ្វើឲ្យក្រុមហ៊ុនលោកទទួលបានជោគជ័យមកដល់ពេលនេះ។
៣.ភាពជឿទុកចិត្តខ្ពស់
មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ លោកថាគឺមានភាពផុយស្រួយណាស់។ យើងធ្វើការជាមួយចិត្តនិងចិត្ត គេចង់បានអី យើងបម្រើទៅតាមសេចក្តីត្រូវការរបស់អតិថិជន ថែរក្សាអតិថិជន កុំឲ្យថ្នាំងថ្នាក់ចិត្ត បម្រើឲ្យមានប្រសិទ្ធភាព។ បើនិយាយរឿងការងាររកស៊ី មុខជំនួញណាក៏មានការប្រកួតប្រជែងគ្នាដែរ ប៉ុន្តែមុខជំនួញអចលនទ្រព្យ លោកគិតថា មានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ។
ដោយសារយើងរកស៊ីក្នុងវិស័យនេះ ភាគច្រើនទាក់ទងតែជាមួយអ្នកដែលមានលុយ អ្នកមានមុខមាត់នៅក្នុងសង្គម។ ពួកគាត់ទាំងនោះ ចង់បានអ្វីដែលល្អ មានគុណភាព ដូច្នេះ យើងចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។
បើសិនជាអ្នកវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹងទាក់ទាញប្រជាប្រិយភាព ការជឿទុកចិត្ត គាំទ្រពីអតិថិជន ដែលធ្វើអ្នកធ្វើជំនួញជោគជ័យមិនខានឡើយ៕