សុខុម
សៀងហៃ: ដើម្បីរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន និងសង្គ្រោះភពផែនដី ព្រមទាំងដើម្បីដណ្ដើមចំណែកទីផ្សារផងនោះ ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោករួមទាំងក្រុមហ៊ុនតូចធំ និងក្រុមហ៊ុន Start-up ផងដែរនោះ បានងាកមកសម្រុកផលិតរថយន្តអគ្គិសនី (EV) កាន់តែច្រើនឡើងៗក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលរបស់ខ្លួន។
តាមការកត់សម្គាល់ឃើញថា ការសម្រុកផលិតរថយន្តអគ្គិសនីមានសន្ទុះកាន់តែពុះកញ្ជ្រោលឡើងជាពិសេសក្រោយពីក្រុមហ៊ុន Telsa ដ៏ល្បីល្បាញរបស់កំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក Elon Musk ផលិតរថយន្តអគ្គិសនីបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងសម្បើមភ្លូកទឹកភ្លូកដី។
ជាការពិតណាស់ថា ខណៈការផលិតរថយន្តអគ្គិសនីកើនឡើងជាលំដាប់ តម្រូវការអាគុយសម្រាប់រថយន្តអគ្គិសនីក៏កើនឡើងខ្លាំងទៅតាមនោះដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា ឱ្យដឹងថា ទំហំទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោកត្រូវបានរំពឹងថានឹងឈានរហូតដល់២៥០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។
នេះបើយោងតាមអ្វីដែលលោក វ៉ាន កាង (Wan Gang) ប្រធានសមាជរថយន្តថាមពលថ្មីពិភពលោក (World New Energy Vehicle Congress) នៃប្រទេសចិន បានគូសបញ្ជាក់នៅក្នុងក្រុងប៉េកាំង៕