អ្នកជំនាញលើកឡើងខុសគ្នាពីនិន្នាការភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជានៅរដូវHigh Seasonខាងមុខ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានសម្តែងក្តីរំពឹងខុសៗគ្នាពីនិន្នាការលំហូរភ្ញៀវទេសចរណ៍ អន្តរជាតិដែលនឹងមកទស្សនានៅកម្ពុជានារដូវHigh Seasonខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា យើងមានសុទិដ្ឋិនិយមច្រើន ចំពោះកំនើនភ្ញៀវទេសចរណ៍ពីតំបន់អឺរ៉ុប និងអាមេរិកច្រើន នឹងមកទស្សនាកម្ពុជា បើទោះបីជាមានបញ្ហាវិបត្តិមួយចំនួនក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មានការកក់សំបុត្រយន្តហោះ ធ្វើដំណើរច្រើនពីភ្ញៀវអឺរ៉ុប និងអាមេរិក ហេតុនេះប្រសិនជាគ្មានសង្រ្គាមធំកើតមានបន្តទេ ពួកគេ​នឹងមកទស្សនាកម្ពុជាច្រើន”។ លោកបន្តថា “ទោះបីប្រឈមនឹងបញ្ហាកង្វះឧស្ម័ន និងប្រេងឡើងថ្លៃបន្តិចក្តី ប៉ុន្តែលំហូរភ្ញៀវពីតំបន់អឺរ៉ុបនឹងកើន ប៉ុន្តែមិនទាន់មានសញ្ញាប្រសើរដូចមុនវិបត្តិកូវីដ១៩នោះទេ”។

លោកហូ វណ្ឌីបានបន្តថា ភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនាកម្ពុជាភាគច្រើន បើគិតពីដើមឆ្នាំរហូតមកទល់ពេលនេះ ច្រើនជាភ្ញៀវទេចរណ៍វៀតណាម ថៃ សឹង្ហបុរី និងអនិកជនកម្ពុជារស់នៅបរទេសជាដើម។

ទោះជាយ៉ាងណាលោក ធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍លើកឡើងស្រដៀងគ្នានេះ ដោយលោកបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ មិនមានសញ្ញាអ្វីប្រែប្រួលនោះទេ ប៉ុន្តែមានសញ្ញាវិជ្ជមានខ្លះដូចជាមានភ្ញៀវអាមេរិក បារាំង អេស្បាញខ្លះបានមកដល់កម្ពុជា តែមិនមានចំនួនច្រើននោះទេ។

លោកបន្តថា “កន្លងមកនេះ យើងមានភ្ញៀវពីតំបន់អាស៊ានមួយចំនួន ហើយមានសញ្ញាកើនឡើង កាន់តែល្អប្រសើរពីមួយខែទៅមួយខែ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here