ដោយ: លាងហួរ
អឺរ៉ុប: រដ្ឋមន្ត្រីថាមពលរបស់ប្រទេសន័រវេសបាននិយាយថា ប្រទេសន័រវេសគ្រោងនឹងរក្សាកម្រិតផលិតកម្មឧស្ម័នរបស់ខ្លួនឱ្យខ្ពស់ រហូតដល់ឆ្នាំ២០៣០ ខណៈអឺរ៉ុបគ្រោងនឹងកាត់បន្ថយការនាំចូលពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CGTN។
ប្រទេសន័រវេសបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់អឺរ៉ុប នេះបើយោងតាមទិន្នន័យរបស់ Refinitiv Eikon ដោយវ៉ាដាច់ប្រទេសរុស្ស៊ី ដែលបានកាត់បន្ថយការចែកចាយឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុប។

លោក Terje Aasland រដ្ឋមន្ត្រីក្រសួងប្រេង និងថាមពលរបស់ប្រទេសន័រវេស បានប្រាប់សារពត៌មានReuters ក្នុងបទសម្ភាសន៍មួយថា “ខ្ញុំរំពឹងថាយើងអាចរក្សាកម្រិតផលិតកម្ម ដែលយើងមាននៅពេលនេះរហូតដល់ឆ្នាំ២០៣០។ យើងមើលឃើញថាមានគម្រោង និងផែនការ សម្រាប់ការអភិវឌ្ឍនានា និងប្រតិបត្តិការ ដែលអាចជួយរក្សាបរិមាណឧស្ម័នឱ្យខ្ពស់បន្តទៅមុខ”។

យោងតាមការព្យាករណ៍ផ្លូវការធ្វើឡើងនៅក្នុងខែឧសភា ប្រទេសន័រវេសត្រូវបានគេរំពឹងថា នឹងផលិតឧស្ម័នបានប្រហែល១២២ពាន់លានម៉ែត្រគូប នៅឆ្នាំ២០២២នេះ កើនឡើង៨ភាគរយពីឆ្នាំ២០២១ ដែលអាចលើសពីកំណត់ត្រា ដែលបានកំណត់កាលពី៥ឆ្នាំមុន។
លោករដ្ឋមន្ត្រីបានបង្ហាញទំនុកចិត្តបន្ថែមទៀត អំពីតម្រូវការរយៈពេលវែង សម្រាប់ឧស្ម័នន័រវេសនៅអឺរ៉ុប បន្ទាប់ពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែមិថុនាដើម្បីបង្កើនការនាំចូលឧស្ម័នពីខ្ពង់រាបទ្វីបន័រវេស។
ប្រទេសន័រវេសបានឆ្លើយតប ទៅនឹងតម្រូវការខ្ពស់ពីអឺរ៉ុបរួចទៅហើយ ដោយបង្វែរឧស្ម័នបន្ថែមទៀតសម្រាប់ការនាំចេញ ជាជាងចាក់វាចូលទៅក្នុងដីវិញ ដើម្បីជំរុញផលិតកម្មប្រេងឆៅ។ តម្លៃឧស្ម័នអឺរ៉ុបបានឡើងថ្លៃជិតបីដងនៅឆ្នាំ២០២២នេះ ហើយបានហក់ឡើង ដល់កំណត់ត្រាថ្មីម្តងហើយម្តងទៀត។ យ៉ាងណាក្តី ប្រទេសន័រវេសមិនមានគម្រោងលក់ឧស្ម័ន ក្រោមតម្លៃទីផ្សារ ដូចដែលអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្នើឡើងនោះទេ៕







