ដោយ៖ សុធីតា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់។
នេះបើយោងតាមលោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
លោក សេង ឡូត បានបញ្ជាក់ថា “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាស្ថាប័នផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទៅលើវិស័យដីធ្លី និងសំណង់។ ក្នុងមួយឆ្នាំក្រសួងនេះ បានចូលរួមចំណែក នៅក្នុងការរកចំណូលចូលថវិកាជាតិ បានប្រមាណ១៥០លានដុល្លារ”។

លោក សេង ឡូត ពន្យល់ថា “ចំណូលដែលប្រមូលនៅស្ថាប័នរដ្ឋបាលសូរិយោដី និងសំណង់ដែលជាសេវាមិនមែនពន្ធ គឺប្រមូលបានប្រមាណ៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ដោយឡែកចំណូលដែលប្រមូល ដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបត្តិការទាំងអស់ ត្រូវបានចាត់ចែងដោយរដ្ឋបាលសុរិយោដី ដែលហៅថា ពន្ធប្រថាប់ត្រា ក្នុងមួយឆ្នាំ បានប្រមាណ១២០លានដុល្លារ ដូច្នេះក្រសួងរកបានប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់”។
លោកបានលើកឡើងថា សេវាសាធារណៈរបស់ក្រសួង ត្រូវបានបង្កលក្ខណៈឲ្យកាន់តែសាមញ្ញ រួមជាមួយនឹងការកាត់រយៈពេលឲ្យបានខ្លី ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់ របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដូចជា ការបិទផ្សាយសាធារណៈ នៅក្នុងការចុះបញ្ជីដីធ្លី ពី៣០ថ្ងៃ មក១៥ថ្ងៃ ការសម្រួលការចុះហត្ថលេខាបញ្ជាក់លើលិខិតយថាភូត ជាលិខិតលក់ផ្តាច់ សម្រួលត្រឹមតែចុះបញ្ជី ដោយមេឃុំ ឬចៅសង្កាត់៕








