ព្យាករណ៍: ការនាំចេញរបស់វៀតណាមក្នុងឆ្នាំនេះនឹងកើនឡើងរហូតដល់ ៣៦៨ពាន់លានដុល្លារ

ដោយៈ សុខុម

ហាណូយ:ការនាំចេញរបស់ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹង​សម្រេចបានកំណើន៩,៤៦%នៅឆ្នាំ២០២២ នេះឈានរហូតដល់៣៦៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទិ២៣ ខែសីហា។

ក្រសួងពាណិជ្ជកម្មវៀតណាមបានគូសបញ្ជាក់ថា កំណើននាំចេញនេះសម្រេចបាន ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

ប្រទេសនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រហូតដល់ទៅជាង១០ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងកិច្ចព្រមព្រៀង១ជាមួយសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀង CPTPP ដែលមាន១១ប្រទេសចូលរួម ដែលនឹងកាត់បន្ថយពន្ធមួយចំនួនធំ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងដដែលបានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា “អាជីវកម្មនានាទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិ​ជ្ជ​កម្មសេរី (FTA) ដើម្បីជំរុញការនាំចេញ”។

ការនាំចេញរបស់វៀតណាម ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ គឺពីខែមករា ដល់ខែកក្កដា សម្រេចបានកំណើន១៦,៦% បើធៀបនឹងឆ្នាំមុន ឈានដល់២១៧,៣៤ពាន់លានដុល្លារ។ ចំណែកឯការនាំចូលសម្រេចបានកំណើន១៤,០%ឈានដល់២១៦,២៦ពាន់លានដុល្លារ។

ក្រសួងដដែលបានបន្ថែមទៀតថា “តម្រូវការផលិតផល ដែលផលិតនៅវៀតណាម ត្រូវបានព្យាករថានឹងកើមឡើងបន្ថែមទៀត អំឡុងឆមាសទី២ ឆ្នាំនេះ”។

ទោះជាយ៉ាងណា ក្រសួងនេះព្រមានថា អតិផរណាខ្ពស់នៅក្នុងទីផ្សារសំខាន់ៗរបស់វៀតណាម រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងនឹងធ្វើឱ្យការចំណាយ របស់អ្នកប្រើប្រាស់នៅទីនោះធ្លាក់ចុះ ហើយប៉ះពាល់ដល់តម្រូវការផលិតផលរបស់វៀតណាម។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសវៀតណាម គឺជាផ្នែកមួយ នៃខ្សែសង្វាក់ផលិតកម្មទូទាំងសកលលោក ដោយប្រមាណ៧៥% នៃការនាំចេញសរុបរបសខ្លួន ចេញពីបណ្ដាក្រុមហ៊ុនដែលទទួលបានហិរញ្ញប្បទានពីវិនិយោគិនបរទេស។

ទំនិញនាំចេញដែលរកប្រាក់ចំណូលបានច្រើនជាងគេ រួមមានទូរស័ព្ទ Smartphone គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here