ពីទឹកដីអង្គរៈក្រុម​រ៉ឺម៉ក​ស្ដ្រីត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​​ស្ដ្រី​មេ​ម៉ាយ​ក្រីក្រ

ដោយៈ ម៉ាលីនណា

សៀមរាបៈ ថ្វីដ្បិត​តែ​ខ្លួន​អវិជ្ជា​យ៉ាង​ណា​ក៏ដោយ ក៏​ស្ដ្រី​ជា​ម្ដាយ​កូន៤​នាក់ អ្នក​ស្រីពេជ្រ អូន បាន​ចាប់​យក​របរ​រត់​ម៉ូតូ​ឌុប​ ដោយ​បាន​ទាំង​ដឹក​អីវ៉ាន់​ឱ្យ​ភ្ញៀវ និង​ដឹក​កូនៗ​ទៅ​សាលា​ក៏ដូច​ជា ​ឆ្លៀត​ពេល​ដាំស្ល​ជូន​ប្ដី​ក្រោ​យ​​រត់​រ៉ឺម៉ក​អស់​កម្លាំង​ថែម​ទៀត​។

ដោយ​ទទួល​ដំណឹង​ថា សណ្ឋា​គារ​មួយ​ជ្រើស​រើស​បុគ្គ​លិក ​ស្ដ្រី​រត់​រ៉ឺម៉ក​ជូន​ភ្ញៀវ អ្នក​ស្រី​អូនបច្ចុប្បន្ន​អាយុ​៤៦ឆ្នាំ បាន​ដាក់​ពាក្យ​ធ្វើ​ការ​និង​បាន​ជួល​រ៉ឺម៉ក​រយៈ​ពេល២ខែ​ មុន​ពេល​សម្រេច​ទិញ​បង់​រលស់​។

ការ​ចាប់ដៃ​គ្នា​រវាង​ប្ដី ​និង​ប្រពន្ធ​លើ​មុខ​របរ​តែមួយ​នេះ មិន​យូរ​ប៉ុន្មាន​ ប្ដី​របស់​អ្នកស្រី អូន ចាប់​ផ្ដើម​បែក​គំនិត​គិត​ដល់​រឿង​ស្នេហ៍​ និង​ចាក​ចោល​គ្រួសារ​ បន្សល់​ទុក​ឱ្យ​ភរិយា​ចិញ្ចឹម​កូន៤​នាក់ ​ក្នុង​ក្រសែភ្នែក​ឡើង​រហង់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេល​មើល​ឃើញ​ស្ថានភាព ​ស្ដ្រី​រត់​រ៉ឺម៉ក​តែ​ម្នាក់​ឯង ដោយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​បណ្ដាញ​ណា​មួយ ​ក្នុង​ទីក្រុង​ទេស​ចរណ៍​នេះ អ្នកស្រីខូយ ប្រក្រតី ហៅ អានឹន បាន​ហៅ​អ្នកស្រី អូន​ ចូល​ក្នុង​ក្រុម​ Driver Srey ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧។

នេះ​ជា​មូលហេតុ ​ដែល​ស្ដ្រី​មាន​បទ​ពិសោធន៍​ការងារ ​ជាមួយ​អង្គការ​ សហ​គមន៍​ជួយ​ស្ដ្រី និង​ជា​មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍​ធម្ម​ជាតិ​រូ​បនេះ ចង​ក្រង​ក្រុម​ស្ដ្រី​រ៉ឺម៉ក​ និង​ម៉ូតូ​ឌុប​នេះ​ឡើង​។

ស្ថាប​និក​ក្រុម​រ៉ឺម៉ក​ស្ដ្រី Driver Srey: The Women Drivers of Siem Reap វ័យ៤៨​ឆ្នាំ បាន​ឱ្យដឹង​ថា​ “ខ្ញុំ​ចង់​ជួយ​ស្ដ្រី​ក្រីក្រ និង​​ស្ដ្រី​មេ​ម៉ាយ ដើម្បី​មាន​ការងារ​។ គោល​បំណង​មួយ​ទៀត ខ្ញុំ​ចង់​ជួយ​ដល់​ស្ដ្រី​ជា​ភ្ញៀវ​ទេសចរ​បរ​ទេស​ដែល​ដើរ​មក​លេង​ម្នាក់​ឯង”។

អ្នក​ស្រី នឹន ​បាន​និយាយ​ថា អ្នកស្រី​មាន​ជំនាញ​ខាង​មគ្គុ​ទេ្ទសក៍​ទេស​ចរណ៍​ធម្មជាតិ ​តាម​រយៈ​​មាន​បទ​ពិសោធ​ន៍ការងារ ​នៅ​តំបន់ទេស​ចរណ៍​សហ​គម៍​ជា​ច្រើន ដូចជាអេកូ​ទេស​ចរណ៍​​ជីផាត់ មណ្ឌល​គិរី​ ជាមួយ​ជន​ជាតិ​ភាគ​តិច​គ្រឹង និង​សហ​គមន៍​ចំបក់​ជាដើម។

អ្នកស្រី​​បាន​ជួប​ស្ដ្រី​ជាច្រើន​ មាន​វិបត្ដិ​រឿង​ខ្វះ​ខាត​ការងារ​ ក៏ដូចជាការ​បែក​បាក់​គ្រួសារ​ និង​អត់​មាន​ការងារ​ អត់​មាន​ចំណូល​ក្នុង​ការ​ឧបត្ថម្ភ​កូនៗ​។

ចំពោះ​ការ​ងារ​នៅ​អង្គ​ការ អ្នកស្រី នឹន​ បាន​ចុះ​បង្រៀន​អ្នក​ភូមិ​ដាំ​បន្លែ ធ្វើ​ជី​កំប៉ុស​តាម​ភូមិ នៃ​តំបន់​ដាច់​ស្រយាល​ ប៉ុន្ដែ​នៅពេល​គម្រោង​ទាំង​នេះ​ត្រូវបាន​បញ្ចប់​ទៅ​ អ្នកស្រី​ត្រូវបាន​ណែនាំ​ឱ្យ​មក​ធ្វើការ​ នៅ​អង្គការ​ផ្សេង​ផ្នែក​បណ្ដុះ​បណ្ដាល​ខាង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេ​សាប​។

ពេល​នោះ​អង្គការ​របស់​អ្នកស្រី​​ បាន​បង្កើត​កម្មវិធី​ទេស​ចរណ៍​ ដែល​នាំ​ភ្ញៀវ​មក​លេង​កម្សាន្ដ​ផង និង​ចូលរួម​អភិរក្ស​ផង​នៅ​តាម​ភូមិ​បណ្ដែត​ទឹក​។

ដោយ​មើល​ឃើញ​ខេត្ដ​សៀមរាប​ ជា​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញ ហើយ​ស្ដ្រី​ក្នុង​ភូមិ​ខ្លះ​បាន​ធ្វើ​ការងារ​សំណង់​ ​អ្នកស្រី នឹន ​មាន​បំណង​ចង់​បង្កើត​ជា​ក្រុម​ Driver Srey ដើម្បី​ជួយ​ស្ដ្រី​ក្នុង​តំបន់​នេះ ហើយអ្នកស្រី​ខ្លួន​ឯង​ ក៏​មាន​ពេល​វេលា​នៅ​ផ្ទះ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​បាច់​ផ្លាស់​ទី​ឆ្ងាយៗ​ទៅ​តាម​អង្គ​ការ​នោះ​ទេ​។

អ្នកស្រីបាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ “ខ្ញុំ​ចាប់​ផ្ដើម​មាន​គំនិត​ចង់​បង្កើត​ក្រុម​​ស្ដ្រី​បែប​នេះ ដើម្បី​ជួយ​ពួកគាត់​ផង និង​ធ្វើ​ឱ្យ​មាន​ជំនាញ​ការងារ​ច្បាស់​លាស់​”។ អ្នកស្រីបន្តថា “ខ្ញុំ​ឃើញ​ស្ដ្រី​ខ្លះ​បើកបរ​រ៉ឺម៉ក ​ទៅ​ដល់​លក់​ដូរ​នៅ​ផ្សារ​ ហើយ​ខ្ញុំ​គិ​តថា បើ​ពួក​គាត់​មា​នការ​ងារ​បន្ថែម​ ពួក​គាត់​នឹង​មាន​ចំណូល​ប្រចាំ​ថ្ងៃ​កើន​ឡើង”​។

ផ្ទុយ​ពី​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​កើន​ឡើង គ្រួសារ​អ្នកស្រី អូន បាន​បែកបាក់​គ្នា ​ដោយ​ព្រមព្រៀង​​ចែក​កូន​គ្នា​ម្នាក់២នាក់​។ ប៉ុន្ដែ​ដោយ​សារ​ស្វាមី​មិន​ចង់​យក​កូន​ៗ​ ទៅ​ចិញ្ចឹម​បីបាច់​ផ្ទាល់ តែលោក​បាន​សន្យា​ផ្ដល់​អាហារ​កិច្ច​ដល់​អតីត​ភរិយា​។

អ្នកស្រីអូនបានឲ្យដឹងថា “​លុយ​អាហារ​កិច្ច​ ខ្ញុំ​ទទួល​បាន​តែ១​,៦ លាន​រៀល​ប៉ុណ្ណោះ ​រហូត​ដល់​កូវីដ គាត់​លែង​ផ្ដល់​ប្រាក់​សូម្បី​តែ​១០០​រៀល​។ ឥឡូវ​នេះ ខ្ញុំ​ចិញ្ចឹម​បីបាច់​កូន​ទាំង៤នាក់​តែម្នាក់​ឯង”។អ្នកស្រី​បន្ដ​ថា​”អំឡុង​ពេល​កូវីដ ដោយ​គ្មាន​ចំណូល​ពី​ការ​រត់​រ៉ឺម៉ក​ ខ្ញុំ​និង​ម្ដាយ រួម​ទាំង​កូនៗ នាំ​គ្នា​បើក​រ៉ឺម៉ក​រើស​អេត​ចាយ ​ដើម្បី​ចញ្ចឹម​ជីវិត​ និង​បានទទួល​ការ​ឧបត្ថម្ភ​ជា​អង្ករ​ពី​បង​ស្រី​ នឹនចំនួន៥០​គីឡូក្រាម​ផង​ដែរ”។

អ្នក​មាន​កំណើត​មក​ពី​តំបន់​ភ្នំ​បូក នៃ​ស្រុក​បន្ទាយ​ស្រីរូបនេះ​បាន ​ឱ្យដឹង​ថា​ ជា​ទូទៅទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ តែង​តែ​ផ្ដល់​តម្លៃ​និង​អាណិត​ស្រឡាញ់​អ្នក​រត់​រ៉ឺម៉ក​ជាស្ដ្រី បើទោះ​បីជា​អ្នក​ដំណើរ​មួយ​ចំនួន​យល់​ថា ពួកគេ​មិន​សូវ​លើក​ទឹក​ចិត្ដ​សមត្ថ​ភាព ​បើកបរ​របស់​ស្ដ្រី​យ៉ាង​ណា​ក៏​ដោយ​។

មុន​ពេល​ចេញ​ដំណើរ​យកភ្ញៀវ​ពី​សណ្ឋា​គារ​ ទៅ​សណ្ឋា​គារ​នៅ​ម្ដុំ​ស្ពាន​នាគ​សម្រាប់​អាហារ​ពេល​ល្ងាច​ អ្នក​ស្រី អូន បាន​លើក​ឡើង​ថា​ ​ភ្ញៀវ​ជា​ច្រើន​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ស្ដ្រី ​ដែល​សុខចិត្ដ​ចាប់​យក​មុខ​របរ​រត់​រ៉ឺម៉ក​កង់ ៣​ នេះ​ ដោយ​ពួក​គាត់​តែង​តែ​គាំទ្រ ​ដល់​ការ​ដឹក​ជញ្ជូន​របស់​យើង។

អ្នកស្រី អូន បាន​ឱ្យ​ដឹង​ថា ការ​ជូន​ភ្ញៀវ​ពី​សណ្ឋាគារ ​ទៅ​ទទួល​ទាន​អា​ហារ​ពេល​ល្ងាច​ និង​ត្រឡប់​មក​វិញ​ ក្រុម​Driver Srey គិត​ថ្លៃ​ពី​ភ្ញៀវ​ឬពី​សណ្ឋា​គារ​តម្លៃ៦ដុល្លារ​ ដោយ​អ្នកស្រី​ទទួល​បាន​៥​ដុល្លារ​ និង​មេក្រុម​ទទួល​បាន១​ដុល្លារ​។

ទន្ទឹម​នឹង​បទ​ពិសោធន៍​អ្នក​ស្រី អូន បើកបរ​រ៉ឺម៉ក៤​ឆ្នាំ រួម​ទាំង​ការ​​ចូល​ក្រុម​ Driver Srey ២​ ឆ្នាំ​ នៅ​មាន​សមា​ជិក​ស្ដ្រី​ជា​ច្រើន​នាក់​ទៀត ហាក់​មាន​ការ​ភ័យ​ខ្លាច ​នៅ​ពេល​ត្រូវបាន​លើក​ទឹក​ចិត្ដ​ឱ្យ​ចូល​ក្រុម​ដំបូង​។

អ្នក​ស្រី នឹន ដែល​ខ្លួន​អ្នក​ស្រី​ជា​អ្នក​ដឹក​ភ្ញៀវផង ​និង​មគ្គុ​ទេ្ទសក៍​ផង​ បាន​ឱ្យ​ដឹង​ថា ​ចំពោះ​ការ​កៀរគរ​សមា​ជិក​ស្ដ្រី​នេះ ភាគ​ច្រើន​ពួក​គេ​នៅមាន​អារម្មណ៍​ខ្លាច ទោះបីជា​​ចេះ​បើក​រ៉ឺម៉ក តែ​​អត់​ចេះ​ភាសា​ និង​អត់​ចេះ​និយាយ​ទំនាក់​ទំនង​ជា​មួយ​ភ្ញៀវ​។ បញ្ហា​នេះ​ពិ​តជា​សំខាន់​ ដែល​ត្រូវ​មាន​អ្នក​ឈរ​ដើម្បី​ពង្រឹង​ពួកគេ​សម្រាប់​ជា​បង្អែក​។
អ្នក​ស្រី នឹន បាន​ឱ្យ​ដឹង​ថា “ចាប់​ផ្ដើម​ដំបូង​ជាមួយ​សមា​ជិក​ត្រឹម ២-៣ ​នាក់ យើង​ចេះ​តែ​បន្ដ​ដំណើរ​ការ​ជាមួយ​គ្នា​សន្សឹម​ៗ​ទៅ ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ដ​ទៅ​រហូត​កើន​ដល់​ជាង១០​នាក់​ ពួក​គាត់​អាច​ធ្វើ​បាន”​។

បន្ថែម​ពី​លើការ​លើក​ស្ទួយ​ការងារ​ស្ដ្រី​ក្នុង​ស្រុក​​ ភ្ញៀវជា​​ស្ដ្រី​ដើរ​ម្នាក់ឯង​​ អាច​មាន​អារម្មណ៍​មួយ ​មិនសូ​វ​ស្រណុក​ចិត្ដ ដោយ​អ្នក​ស្រី នឹន បាន​អះអាង​ថា​ អ្នកស្រី​ ​បាន​ជួប​ភ្ញៀវ​ជា​ច្រើន​ដែល​ពួកគេ​និយាយ​ថា ពេល​ដើរ​ជាមួយ​តៃកុង​ប្រុស ភាគ​ច្រើនពេល​ពួកគេ​មាន​បញ្ហា​យប់​ព្រលប់​ ​ពិបាក​ក្នុង​ការ​​ទទួល​ជំនួយ​ដែល​ខុស​ពី​តៃកុង​ជា​ស្ដ្រី​ដូច​គ្នា​។ ​

ប្រធាន​ក្រុម​ Driver Srey រូបនេះ បាន​បន្ដថា ពេល​ភ្ញៀវ​ជាស្រី​ដើរ​លេង​តាម​ប្រាសាទ ពួកគេ​ចង់​សប្បាយ​ និង​ស្រណុក​សុខ​សប្បាយ​ ហើយក្នុង​នាម​ជា​ស្ដ្រី​ដូច​គ្នា អាច​ជួយ​ទុក្ខធុរៈគ្នា​បាន​ស្រួល​ជាង​។ ជាក់​ស្ដែង អ្នកស្រីបាន​លើក​ឡើង​ថា អ្នកស្រី​​ធ្លាប់​ជួប ២-៣ ​នាក់​ដែរ ពេល​ពួកគេ​​ឈឺ​ ​ក្រុម​ស្ដ្រី​​អាច​ជួយ​គ្រាហ៍​និង​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

ដោយ​មើល​ឃើញ​ពី​កង្វះ​សមត្ថ​ភាព​លើ​ផ្នែក​ទំនាក់​ទំនង និង​ភាសា​ មេក្រុម​រ៉ឺម៉ក​ស្ដ្រី អ្នកស្រី នឹន បាន​បញ្ជាក់​ថា​ “គោល​បំណង​ខ្ញុំ​ទៅ​អនាគត​ខ្ញុំ​ក៏​ចង់​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាល ​ផ្នែក​ភាសា​ដល់​ក្រុម​ស្ដ្រី​របស់​យើង​ ដោយ​សារ​យើង​ទើប​ដំណើរ​ការ​បាន​ឆ្នាំ​២០១៨ ​និង​២០១៩ ដែល​ចង់​បន្ថែម​កូន​ក្រុម និង​ឱ្យ​ពួក​គាត់​រៀន​ពី​ចំណេះ​ដឹង​ផ្សេងៗ”។ អ្នកស្រីបន្តថា “ប៉ុន្ដែ​នៅ​ពេល​កូវីដ​មក​ដល់ អ្វីៗ​ក៏​ត្រូវ​ផ្អាក​ដោយ​គ្មាន​ការ​ងារ​”៕ភ្នំពេញប៉ុស្ត៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here